ថ្នាក់ដឹកនាំសភាទាំងពីររបស់ម៉ាឡេស៊ីវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមសហប្រតិបត្តិការរបស់រដ្ឋសភាវៀតណាម
(VOVWORLD) - នារសៀលថ្ងៃទី ៩ សីហា នៅរដ្ឋធានី Kuala Lumpur (ប្រទេសម៉ាឡេស៊ី) គណៈ ប្រតិភូរដ្ឋសភាវៀតណាម ដឹកនាំដោយអនុប្រធានរដ្ឋសភាលោក Nguyen Khac Dinh បានអញ្ជើញជួបសន្ទនាជាមួយប្រធានសភាជាន់ទាបម៉ាឡេស៊ីលោក Johari Bin Abdul។
ប្រធានសភាជាន់ទាបម៉ាឡេស៊ី លោក Johari Bin Abdul (ស្តាំ) ទទួលជួបអនុប្រធានរដ្ឋសភាវៀតណាម លោក Nguyen Khac Dinh (រូបថត៖ Hang Linh/TTXVN) |
មុននោះ នាព្រឹកថ្ងៃដដែល គណៈប្រតិភូបានជួបពិភាក្សាជាមួយអនុប្រធានព្រឹទ្ធសភា លោក Nur Jazlan Bin Tan Sri Mohamed។
នៅជំនួបទាំងនេះ ថ្នាក់ដឹកនាំនៃសភាទាំងពីររបស់ម៉ាឡេស៊ីបានស្នើឱ្យភាគីទាំងពីរបង្កើតបណ្តាញតភ្ជាប់តាមរយៈអាជីវកម្ម សហគ្រិន និងពលរដ្ឋវ័យក្មេងរវាងប្រទេសទាំងពីរ; ស្រាវជ្រាវនិងបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់ សម្រាប់ផលិតបន្ទះឈីប semiconductor និងបច្ចេកវិទ្យាខ្ពស់ ដែលជាវិស័យមួយក្នុងចំណោមវិស័យដែលម៉ាឡេស៊ីបាននិងកំពុងជម្រុញការអភិវឌ្ឍ។
រីឯខ្លួនវិញ អនុប្រធានរដ្ឋសភាលោក Nguyen Khac Dinh បានស្នើថា ឲ្យភាគីទាំងពីរ បង្កើនទំនាក់ទំនងនៅកម្រិតខ្ពស់ និងគ្រប់លំដាប់ថ្នាក់ រវាងសមាជិកសភានៃប្រទេសទាំងពីរ រវាងក្រុមសភាមិត្តភាពទាំងពីរ ដើម្បីផ្លាស់ប្តូរបទពិសោធន៍វិជ្ជាជីវៈក្នុងវិស័យច្បាប់ ការត្រួតពិនិត្យ និងការសម្រេចចិត្តលើបញ្ហាសំខាន់ៗរបស់ប្រទេស។
អនុប្រធានរដ្ឋសភាលោក Nguyen Khac Dinh ក៏បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការបន្តជម្រុញយន្តការសម្របសម្រួលនៅវេទិកាពហុភាគីដូចជា អន្តរសភា (IPU) វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) និងអង្គការសភាពហុភាគីផ្សេងទៀត; គាំទ្រគោលជំហររបស់គ្នាទៅវិញទៅមកលើបញ្ហាតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការរវាងការិយាល័យរដ្ឋសភាវៀតណាម និងលេខា ធិការដ្ឋានព្រឹទ្ធសភាម៉ាឡេស៊ី។
ថ្នាក់ដឹកនាំសភាទាំងពីររបស់ម៉ាឡេស៊ីបានឯកភាព និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមសហប្រតិបត្តិការរបស់វៀតណាម៕