ថ្នាក់ដឹកនាំអាស៊ានគាំទ្រនូវគំនិតផ្តួចផ្តើមទប់ទល់នឹង COVID-19

(VOVWORLD) - នាព្រឹកថ្ងៃទី ១៤ ខែមេសា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc, ប្រធានអាស៊ាន បានធ្វើជាអធិបតីនៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន ស្តីពីការទប់ទល់នឹងជំងឺឆ្លង COVID-19។ 
ថ្នាក់ដឹកនាំអាស៊ានគាំទ្រនូវគំនិតផ្តួចផ្តើមទប់ទល់នឹង COVID-19 - ảnh 1 ទិដ្ឋភាពនៃកិច្ចប្រជុំ

នេះជាកិច្ចប្រជុំកំពូលអាស៊ានលើកដំបូងដែលប្រារព្ធធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ (Video Conference) ដោយមានការចូលរួមរបស់ថ្នាក់ដឹកនាំនៃប្រទេសសមាជិកអាស៊ានទាំង ១០។ ទន្ទឹមនឹងការកោតសរសើរចំពោះ វៀតណាមដែលបានផ្តល់ជំនួយទាន់ពេលវេលា សម្រាប់បណ្តាប្រទេសក្នុងការគ្រប់គ្រងជំងឺមក ថ្នាក់ដឹកនាំអាស៊ានក៏បានគាំទ្រនូវគំនិតផ្តួចផ្តើមឆ្លើយតបនឹង COVID-19 ផងដែរ។

កិច្ចប្រជុំនេះបានបង្ហាញពីការប្តេជ្ញាចិត្តផ្នែកនយោបាយខ្ពស់បំផុត អំពីសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការនៅក្នុងប្លុកក៏ដូចជាជាមួយដៃគូនានា ដោយបានបញ្ជាក់ថា នេះគឺជាកម្លាំងពលំដើម្បីជួយអាស៊ានយកឈ្នះលើការរីករាលដាលនៃជំងឺ COVID-19។ ថ្នាក់ដឹកនាំក៏បានលើកឡើងផងដែរថា អាស៊ានគួរតែផ្តោតលើការអនុវត្តវិធានការនានា ដើម្បីកាត់បន្ថយផលប៉ះពាល់បណ្តាលដោយ COVID-19 លើសេដ្ឋកិច្ច - សង្គម ។ ថ្នាក់ដឹកនាំអាស៊ានក៏បានផ្លាស់ប្តូរទស្សនៈ ស្តីពីការបង្កើតផែនការស្តារសេដ្ឋកិច្ចឡើងវិញក្រោយជំងឺរាតត្បាត រួមទាំងជំរុញរាល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចដែលកំពុងស្ថិតក្នុងដំណើរការចរចារ ក៏ដូចជា លើកកម្ពស់សមត្ថភាពក្នុងការទប់ទល់នឹងវិបត្ដិខាងក្រៅ ជាដើម។

អញ្ជើញថ្លែងមតិនៅឯកិច្ចប្រជុំ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះបណ្តាប្រទេសសមាជិកអាស៊ានដែលបានរួមដៃគ្នាជាមួយវៀតណាមក្នុងទប់ទល់នឹងជំងឺរាតត្បាតសកល ចាប់តាំងពីថ្ងៃដំបូងមក។  លោកនាយករដ្ឋមន្រ្តីបានស្វាគមន៍ចំពោះបណ្តាប្រទេសដែលគាំទ្រសំណើរបស់វៀត ណាម ដូចជាការបង្កើតមូលនិធិសហប្រតិបត្តិការអាស៊ានសម្រាប់ឆ្លើយតបទៅនឹងជំងឺ COVID-19; រៀបចំឃ្លាំងបំរុងសម្រាប់ការផ្គត់ផ្គង់វេជ្ជសាស្ត្រដើម្បីឆ្លើយតបនឹងតម្រូវការបន្ទាន់ក្នុងពេលមានជំងឺរាតត្បាត ក៏ដូចជា ការបង្កើតក្រុមការងារជាមន្រ្តីជាន់ខ្ពស់អាស៊ានក្នុងការប្រឆាំងនឹងព័ត៌មានក្លែងក្លាយជាដើម។ លោកនាយករដ្ឋមន្រ្តីក៏បានបញ្ជាក់ផងដែរថា ប្រទេសវៀតណាមនឹងបន្តជួយដល់ប្រទេសនានាដែលមានជំងឺឆ្លង រក្សាសកម្មភាពសេដ្ឋកិច្ចធម្មតានិងផ្តល់នូវតម្រូវការចាំបាច់ជាច្រើន រួមទាំងស្បៀងអាហារ តាមការស្នើសុំរបស់ប្រទេសដទៃទៀត។

នៅចុងបញ្ចប់នៃកិច្ចប្រជុំ ថ្នាក់ដឹកនាំបានអនុម័តលើសេចក្តីថ្លែងការណ៍នៃកិច្ចប្រជុំកំពូលពិសេសអាស៊ានស្តីពីការឆ្លើយតបនឹងជំងឺរាតត្បាត COVID-19 ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ