ថៃប្រកាស​លទ្ធផលបោះឆ្នោតជាផ្លូវការ

(VOVWORLD) - គណៈកម្មការរៀបចំការបោះឆ្នោតថៃ នាថ្ងៃទី ១៩ មិថុនា បានអនុម័តជាផ្លូវការលើលទ្ធផលបោះឆ្នោត និងបញ្ជីឈ្មោះតំណាងរាស្រ្តចំនួន ៥០០នាក់ ដែលបានជាប់ឆ្នោតក្នុងការបោះឆ្នោតនៅថ្ងៃទី ១៤ ឧសភា។
ថៃប្រកាស​លទ្ធផលបោះឆ្នោតជាផ្លូវការ - ảnh 1មណ្ឌលបោះឆ្នោតមួយក្នុងប្រទេសថៃ។ (រូបថត៖  Thairath)

យោងតាមលទ្ធផលបោះឆ្នោត គណបក្ស Move Foward ទទួលបានអាសនៈច្រើនជាងគេ ដោយមានអាសនៈចំនួន១៥១ក្នុងសភាតំណាងរាស្រ្ត បន្ទាប់មកគឺគណបក្សដើម្បីប្រទេសថៃ ដែលមាន ១៤១ អាសនៈ។ គណបក្សមោទនភាពថៃ ជាប់ចំណាត់ថ្នាក់លេខ៣ដោយមាន ៧១ អាសនៈ។

តំណាងរាស្រ្ត ៥០០នាក់ រួមទាំងតំណាងរាស្រ្ត ៤០០នាក់នៅតាមមណ្ឌលបោះឆ្នោត និង១០០នាក់តាមបញ្ជីគណបក្ស នឹងទទួលបានវិញ្ញាបនបត្រជាប់ឆ្នោត នៅចន្លោះថ្ងៃទី ២០ និង ២៤ ខែមិថុនា។

នៅក្នុងសេចក្តីប្រកាសមួយកាលពីម្សិលមិញ អគ្គលេខាធិការនៃគណៈកម្មការរៀបចំការបោះឆ្នោតថៃ លោក Sawaeng Boonmeen បានឲ្យដឹងថា គណៈកម្មការរៀបចំការបោះឆ្នោតមិនអាចធ្វើការស៊ើបអង្កេតលើបណ្តឹងទាំងអស់ក្នុងរយៈពេល ៦០ថ្ងៃនោះទេ ដូច្នេះហើយទើបសម្រេចអនុម័តជាផ្លូវការលើលទ្ធផលបោះឆ្នោតនេះ។ គណៈកម្មការរៀបចំការបោះឆ្នោតនឹងបន្តស៊ើបអង្កេតរាល់បណ្តឹងពាក់ព័ន្ធនឹងតំណាងរាស្ត្រជាប់ឆ្នោតក្នុងរយៈពេល១ឆ្នាំខាងមុខ។

ជាមួយនឹងការប្រកាសលទ្ធផលបោះឆ្នោតជាផ្លូវការ សភាតំណាងរាស្រ្តថៃថ្មីនឹងត្រូវបានកោះប្រជុំក្នុងរយៈពេល១៥ថ្ងៃបន្ទាប់ ពោលគឺចុងក្រោយបំផុតនៅថ្ងៃទី ៤ ខែកក្កដា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ