ទីក្រុង Hai Phong ចាំចាច់ត្រូវផ្តោតសំខាន់លើការអភិវឌ្ឍសសរស្តម្ភសេដ្ឋកិច្ចចំនួន ៣
(VOVWORLD) - នារសៀលថ្ងៃទី ២៣ តុលា ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Le Van Thanh បានជួបធ្វើការជាមួយគណៈកម្មាធិការបក្សទីក្រុង Hai Phong ស្ដីពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ទីក្រុងចាប់ពីដើមឆ្នាំ ២០២១ ដល់បច្ចុប្បន្ន; ផែនការមេ និងទិសដៅអភិវឌ្ឍន៍ទីក្រុង Hai Phong ក្នុងប៉ុន្មានឆ្នាំខាងមុខ។
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Le Van Thanh បានជួបធ្វើការជាមួយគណៈកម្មាធិការបក្សទីក្រុង Hai Phong |
លោកឧបនាយករដ្ឋមន្ត្រីបាន វាយតម្លៃខ្ពស់ចំពោះការដែលទីក្រុង Hai Phong មានសន្ទុះកំណើនខ្ពស់ក្នុងរយៈពេល ៥ ឆ្នាំជាប់ៗគ្នា ហើយគួរឱ្យចាប់អារម្មណ៍បំផុតគឺសម្រេចបានកំណើន GRDP ១២,២៨% ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ ២០២១។ លោកឧបនាយករដ្ឋមន្ត្រី បានស្នើឲ្យថ្នាក់ដឹកនាំទីក្រុង Hai Phong បន្តអភិវឌ្ឍន៍ឱ្យកាន់តែរឹងមាំថែមទៀត ក្នុងនោះ ផ្តោតសំខាន់លើការកែលម្អបរិយាកាសវិនិយោគ ធ្វើអាជីវកម្ម ដើម្បីទាក់ទាញប្រភពធនធានវិនិយោគ។ ជាពិសេស ទីក្រុងត្រូវផ្តោតសំខាន់លើសសរស្តម្ភអភិវឌ្ឍន៍សេដ្ឋកិច្ចទាំងបីគឺ ឧស្សាហកម្ម កំពង់ផែ និងទេសចរណ៍។
លោកឧបនាយករដ្ឋមន្ត្រីក៏បានឯកភាពតាមមតិរបស់ក្រសួង ស្ថាប័ន និងសំណើរបស់ទីក្រុង Hai Phong ស្តីពីការអភិវឌ្ឍកំពង់ផែសមុទ្រ Nam Do Son; ធ្វើឱ្យប្រសើរឡើង និងពង្រីកអាកាសយានដ្ឋានអន្តរជាតិ Cat Bi; អនុវត្តន៍ផែនការអភិវឌ្ឍន៍អាកាសយានដ្ឋាន Tien Lang; ការផ្លាស់ប្តូរទីតាំងកំពង់ផែ Hoang Dieu; ជួសជុល និងលើកកំពស់ខ្សែរថភ្លើងហាណូយ - Hai Phong ដើម្បីតភ្ជាប់ជាមួយមូលដ្ឋាននានាផងដែរ៕