ទីក្រុងម៉ូស្គូបានចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការនឹងជំងឺរាតត្បាតកូវីដ១៩

(VOVWORLD) -  នាថ្ងៃទី ៥ ខែធ្នូ មន្រ្តីសុខាភិបាលនៃរដ្ឋធានីម៉ូស្គូ (ប្រទេសរុស្ស៊ី) បានចាប់ផ្ដើមចាក់វ៉ាក់សាំង Sputnik V ដល់ប្រជាជនតាមរយៈប្រព័ន្ធមណ្ឌលសុខភាពចំនួន ៧០ កន្លែង ដែលជាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំដំបូងបង្អស់របស់រុស្ស៊ីដើម្បីបង្ការទប់ស្កាត់ជំងឺកូវីដ១៩។

វ៉ាក់សាំង Sputnik V ផ្តល់អាទិភាពក្នុងការចាក់ដល់គ្រូពេទ្យនិងបុគ្គលិកថែទាំសុខភាព គ្រូបង្រៀននិងបុគ្គលិកខាងសង្គមកិច្ចជាមុនសិន ដោយសារនេះជាក្រុមមនុស្សងាយរងហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺរាតត្បាត។ ក្នុងរយៈពេល ៥ ម៉ោងដំបូង មនុស្សចំនួន ៥០០០ នាក់នៃក្រុមដូចពោលខាងលើនេះ បានចុះឈ្មោះដើម្បីទទួលការចាក់វ៉ាក់សាំង។ លើសពីនេះទៀតមនុស្សដែលមានអាយុលើសពី ៦០ ឆ្នាំនឹងត្រូវបានអនុញ្ញាតឱ្យចាក់វ៉ាក់សាំងនេះផងដែរ។

គួរបញ្ជាក់ថា អាជ្ញាធរទីក្រុងម៉ូស្គូបានបង្កើតខ្សែបច្ចេកវិទ្យានិងរៀបចំផែនការចាក់ថ្នាំបង្ការព្រមៗគ្នា មានឃ្លាំងផ្ទុកវ៉ាក់សាំងប្រភេទ Sputnik V ទូទឹកកក និងបន្ទប់ត្រជាក់ដើម្បីដឹកជញ្ជូនវ៉ាក់សាំង។ ជាសរុបមានប្រមាណ ១០ ពាន់លានរូប្លិ៍នឹងត្រូវបានចំណាយសម្រាប់ការចាក់វ៉ាក់សាំងបង្ការជំងឺនេះដល់ប្រជាជននៃទីក្រុងម៉ូស្គូ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ