ទីក្រុងហូជីមិញជំរុញកិច្ចសហប្រតិបត្តិការជាមួយដៃគូឥណ្ឌាធ្វើប្រព្រឹត្តិកម្មកាកសំណល់នគរ
(VOVWORLD) - សមាជិកព្រឹទ្ធសភាលោក Alla Ayodhya Rami Reddy បានអះអាងពីគោលបំណងជំរុញកិច្ចសហប្រតិបត្តិការជាមួយទីក្រុងហូជីមិញ និងបណ្ដាខេត្តភាគខាងត្បូងវៀតណាមលើវិស័យប្រព្រឹត្តិកម្មកាកសំណល់នគរ សុខាភិបាល ឧស្សាហកម្ម និងប្រព្រឹត្តិកម្មទឹកកខ្វក់តាមរយៈបច្ចេកវិទ្យាទំនើប។
អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ លោក Vo Van Hoan (ស្ដាំ) និងសមាជិកព្រឹទ្ធសភាឥណ្ឌាលោក Alla Ayodhya Rami Reddy (រូបថត៖ VNA) |
នារសៀលថ្ងៃទី ៤ ឧសភា អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ លោក Vo Van Hoan បានអញ្ជើញទទួលជួបសមាជិកព្រឹទ្ធសភាឥណ្ឌាលោក Alla Ayodhya Rami Reddy ដែលបានដឹកនាំគណៈប្រតិភូសហគ្រាស និងសម្ព័ន្ធក្រុមហ៊ុន Ramky (ឥណ្ឌា) ទៅទស្សនា និងស្វែងយល់ឱកាសជំរុញកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរក្នុងវិស័យប្រព្រឹត្តិកម្មកាកសំណល់នគរ។
អញ្ជើញថ្លែងនៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំទីក្រុងហូជីមិញមានគោលបំណងថា សម្ព័ន្ធក្រុមហ៊ុនRamky ធ្វើការសិក្សាស្រាវជ្រាវ ផ្ដល់ប្រឹក្សា និងអនុវត្តន៍បណ្ដាគម្រោងប្រព្រឹត្តិកម្មកាកសំណល់ ក៏ដូចជាកសាងប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ទ្រង់ទ្រាយធំសម្រាប់ប្រភពទឹករបស់ទីក្រុងមុនពេលបង្ហូរចូលទៅក្នុងទន្លេ។
រីឯខ្លួនវិញ សមាជិកព្រឹទ្ធសភាលោក Alla Ayodhya Rami Reddy បានអះអាងពីគោលបំណងជំរុញកិច្ចសហប្រតិបត្តិការជាមួយទីក្រុងហូជីមិញ និងបណ្ដាខេត្តភាគខាងត្បូងវៀតណាមលើវិស័យប្រព្រឹត្តិកម្មកាកសំណល់នគរ សុខាភិបាល ឧស្សាហកម្ម និងប្រព្រឹត្តិកម្មទឹកកខ្វក់តាមរយៈបច្ចេកវិទ្យាទំនើប។
ក្រៅពីនោះសម្ព័ន្ធក្រុមហ៊ុន Ramky ក៏មានគោលបំណងចង់ស្វែងរកឱកាសសហប្រតិបត្តិការវិនិយោគនៅទីក្រុងលើវិស័យសំណង់ហេដ្ឋារចនាសម្ព័ន្ធមណ្ឌលឧស្សាហកម្ម វិនិយោគអភិវឌ្ឍន៍បច្ចេកវិទ្យាឱសថ។ លើសពីនេះទៅទៀត សម្ព័ន្ធក្រុមហ៊ុន Ramky មានបំណងចង់រួមដៃគ្នាក្នុងដំណើរការកសាង និងអភិវឌ្ឍន៍ទីក្រុងហូជីមិញនាពេលខាងមុខផងដែរ៕