ទីក្រុងហូជីមិញត្រៀមរៀបចំផលិតផលទេសចរណ៍ថ្មីៗជាច្រើនសម្រាប់រដូវក្តៅ
(VOVWORLD) - បន្ទាប់ពីការរាតត្បាតកូវីដ ១៩ ត្រូវបានគ្រប់គ្រងជាមូលដ្ឋាន ហើយការបើកដំណើរការទេសចរណ៍អន្តរជាតិឡើងវិញបានដំណើរការល្អ រដូវក្តៅឆ្នាំនេះត្រូវបានព្យាករណ៍ថា ជាពេលវេលាអំណោយផលសម្រាប់វៀតណាមស្តារវិស័យទេសចរណ៍ឡើងវិញ។ ដូចទៅនឹងតំបន់ជាច្រើនផ្សេងទៀតនៅទូទាំងប្រទេស វិស័យទេសចរណ៍និងក្រុមហ៊ុនទេសចរណ៍នៅទីក្រុងហូជីមិញ បាននិងកំពុងរៀបចំយ៉ាងសកម្មនូវផលិតផល និងការធ្វើដំណើរទេសចរណ៍ថ្មីៗជាច្រើន ដើម្បីទាក់ទាញភ្ញៀវទេសចរមកទីក្រុង។
អតិថិជនដែលមកមហោស្រពទេសចរណ៍ទីក្រុងហូជីមិញដើម្បីសិក្សានិងទិញទួរទេសចរណ៍សម្រាប់រដូវក្តៅគឺមានចំនួនច្រើនកុះករ (រូបថត៖ VOV) |
មន្ទីរទេសចរណ៍ទីក្រុងហូជីមិញបានឲ្យដឹងថា ទន្ទឹមនឹងការរក្សាបាននូវផលិតផលទេសចរណ៍ប្រពៃណីមួយចំនួនដូចជាការរុករកតំបន់អេកូទេសចរណ៍ព្រៃឈើ Sac Can Gio និងផ្លូវរូងក្រោមដី Cu Chi, ទីក្រុង ហូជីមិញកំពុងជំរុញការអភិវឌ្ឍផលិតផលបន្ថែមទៀតនៅតំបន់កណ្តាលទីក្រុង ដូចជា ដំណើរកម្សាន្តតាមឡានក្រុងពីរជាន់ ដំណើរជិះកង់គយគន់ទីក្រុង ដំណើរកម្សាន្តតាមដងទន្លេ Saigon និងដំណើរកម្សាន្ត “ទស្សនាទីក្រុងពីខាងលើ” ដោយឧទ្ធម្ភាគចក្រជាដើម។
គួរកត់សម្គាល់ថា ក្រៅពីយុទ្ធសាស្ត្ររបស់មន្ទីរទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍របស់ទីក្រុងហូជីមិញ ក៏សកម្មក្នុងការរៀបចំដំណើរទេសចរណ៍ ទួរទេសចរណ៍ថ្មីៗ ដើម្បីបម្រើភ្ញៀវទេសចរណ៍ដែលមកទស្សនាទីក្រុងនារដូវក្តៅនេះ។ តាមនោះ ទួរទេសចរណ៍ថ្មីៗ ផលិតផលថ្មីៗ និងសេវាកម្មទេសចរណ៍ថ្មីៗជាច្រើនកំពុងកកើតមកដូចជា៖ ទួរជិះកង់ ដំណើរទួរបោះជំរុំ ដើរលេង ជិះទូកលេង...។ លោកស្រី Hoang Thuy Linh នាយិការងផ្នែកទីផ្សារ និងប្រព័ន្ធផ្សព្វផ្សាយក្រុមហ៊ុនទេសចរណ៍ Saigontourist បាននិយាយថា ក្រុមហ៊ុនរបស់ខ្លួនកំពុងរួមបញ្ចូលគ្នានូវដំណើរកម្សាន្តតាមឧទ្ធម្ភាគចក្រជាមួយនឹងទួរទេសចរណ៌កម្សាន្តមួយចំនួន ដើម្បីជួយអ្នកទស្សនាស្វែងយល់និងដកបទពិសោធន៍អំពីសាយហ្គាន-ទីក្រុងហូជីមិញ ពីជ្រុងជ្រោយផ្សេងៗគ្នា៖ “ពេលរួមផ្សំជាមួយនឹងដំណើរទេសចរណ៍តាមឧទ្ធម្ភាគចក្រ ភ្ញៀវទេសចរណ៍អាចរុករកលើផ្ទៃមេឃ គយគន់ផ្ទៃទឹកលើទន្លេសាយហ្គន គយគន់ឡានក្រុងពីរជាន់ ហើយបញ្ចប់ដោយទទួលទានម្ហូបអាហារភាគខាងត្បូងនៅ តំបន់ទេសចរណ៍ Binh Quoi”។
ដំណើរទេសចរណ៍ជិះទូកកម្សាន្តនៅទីក្រុងហូជីមិញទើបតែត្រូវបានដំណើរការដើម្បីបម្រើដល់រដូវក្ដៅ (រូបថត៖ VOV) |
ក្នុងព្រឹត្តិការណ៍មហោស្រពទេសចរណ៍ទីក្រុងហូជីមិញនាពេលថ្មីៗនេះ ទីក្រុងក៏បានដាក់ចេញនូវកម្មវិធីជាបន្តបន្ទាប់ ដើម្បីតភ្ជាប់ទំនាក់ទំនង និងសហប្រតិបត្តិការជាមួយខេត្ត ក្រុងនានា ជាពិសេសតំបន់ជិតខាងដើម្បីបង្កើតផលិតផលទេសចរណ៍ដែលទាក់ទិននឹងសេវាកម្មថ្មីក្នុងរដូវក្តៅ។ លោកស្រី Nguyen Thi Khanh ប្រធានសមាគមទេសចរណ៍ទីក្រុងហូជីមិញបានឲ្យដឹងថា៖ “សម្រាប់ដំណើរទេសចរណ៍រដូវក្តៅឆ្នាំនេះ ក្រុមហ៊ុនទេសចរណ៍ គោលដៅទេសចរណ៍ និងសេវាកម្មថ្មីៗរបស់ទីក្រុងហូជីមិញ សុទ្ធតែទាក់ទាញការចាប់អារម្មណ៍និងមកស្វែងយល់ពីតំបន់នានា ដើម្បីសហការបម្រើរដូវក្តៅ។ ទីក្រុងហូជីមិញមានផលិតផលជាច្រើនដែលមានផ្សាភ្ជាប់ជាមួយតំបន់ជិតខាងដូចជាតំបន់ដីសណ្ដទន្លេ Cuu Long និងខេត្តភាគអាគ្នេយ៍ដូចជា Tay Ninh, Dong Nai, Binh Duong និង Vung Tau។ លើសពីនេះ “តំបន់ត្រីកោណទេសចរណ៍” រួមទាំងទីក្រុងហូជីមិញ - Lam Dong – Binh Thuan ក៏ត្រូវបានរំពឹងទុកថា នឹងមានភាពទាក់ទាញខ្លាំងនារដូវក្តៅឆ្នាំនេះ”។
ថ្នាក់ដឹកនាំមន្ទីរទេសចរណ៍ទីក្រុងហូជីមិញ បានអះអាងថា ការនាំយកផលិតផលថ្មីមកបម្រើសេវាកម្មក្នុងរដូវក្តៅនេះ គឺដើម្បីទាក់ទាញអតិថិជនក្នុងប្រទេស និងសម្រាប់វិស័យទេសចរណ៍ទីក្រុងហូជីមិញ ស្វែងរកទីផ្សារ និងស្រូបយកមតិយោបល់កែលម្អរបស់អតិថិជន ដើម្បីបំពេញនូវផលិតផលថ្មីៗ មុនពេលដាក់ឱ្យបម្រើភ្ញៀវទេសចរអន្តរជាតិ ក្នុងអំឡុងពេលសម្រាករដូវរងាខាងមុខនេះ។ ដូច្នេះ ការរៀបចំផែនការ និងការអនុវត្តផលិតផលទេសចរណ៍ថ្មីសម្រាប់រដូវក្តៅនេះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។ លោក Le Truong Hien Hoa អនុប្រធានមន្ទីរទេសចរណ៍ទីក្រុងហូជីមិញបានសង្កត់ធ្ងន់ថា៖ “គោលដៅមួយក្នុងចំណោមគោលដៅរបស់វិស័យទេសចរណ៍ទីក្រុងនាពេលខាងមុខគឺការបង្កើនការចំណាយរបស់ភ្ញៀវទេសចរ។ ដើម្បីធ្វើដូច្នេះ ត្រូវបង្កើនគុណភាព សេវាកម្ម។ ដូច្នេះ យើងណែនាំផលិតផលថ្មីដែលចំណាយប្រាក់ខ្ពស់ដូចជា ឧទ្ធម្ភាគចក្រ និងទូកក្តោង។ មុនពេលណែនាំវាដល់ភ្ញៀវទេសចរ យើងក៏បានធ្វើការស្ទង់មតិជាមួយអាជីវកម្មជាច្រើនដង ហើយបានស្នើសុំអ្នកផ្តល់សេវាឱ្យធានានូវគុណភាពល្អបំផុត”។
ផលិតផល គយគន់ទីក្រុងហូជីមិញពីខាងលើដោយឧទ្ធម្ភាគចក្រទើបតែត្រូវបានដាក់ឱ្យដំណើរការមុនរដូវក្តៅ (រូបថត៖ VOV) |
ដោយមានការរៀបចំយ៉ាងប្រុងប្រយ័ត្ន និងហ្មត់ចត់ រួមមានផែនការអនុវត្តន៍ប្រកបដោយវិធីសាស្ត្រ និងស៊ីសង្វាក់គ្នានោះ រដូវទេសចរណ៍រដូវក្តៅឆ្នាំ ២០២២ ត្រូវបានរំពឹងថា នឹងជួយឱ្យសកម្មភាពទេសចរណ៍របស់ទីក្រុងហូជីមិញត្រូវបានស្តារឡើងវិញ និងធ្វើឱ្យមានជំហានលោតផ្លោះយ៉ាងខ្លាំងក្លា រួមចំណែកប្រកបដោយប្រសិទ្ធភាពលើការស្តារឡើងវិញ និងការអភិវឌ្ឍទាំងមូលនៃសេដ្ឋកិច្ចទីក្រុង ក្រោយពីរយៈពេលដ៏យូរដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាតកូវីដ ១៩៕