ទីក្រុងហូជីមិញនិងទីក្រុង Rotterdam (ហូឡង់) ជម្រុញកិច្ចសហប្រតិបត្តិការលើការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ
(VOVWORLD) - នាយប់ថ្ងៃទី ២៦ ខែកក្កដា នៅទីក្រុងហូជីមិញ លោក Phan Van Mai ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានទទួលជួបលោក Ahmed Aboutaleb អភិបាលក្រុង Rotterdam (ហូឡង់) ដែលកំពុងមានដំណើរទស្សនកិច្ច និងធ្វើការនៅទីក្រុងហូជីមិញ។
លោក Phan Van Mai ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ (ស្តាំ) ទទួលជួបលោក Ahmed Aboutaleb អភិបាលក្រុង Rotterdam ប្រទេសហូឡង់ (រូបថត៖ Xuan Khu/TTXVN) |
នៅក្នុងកិច្ចប្រជុំនេះ លោក Phan Van Mai បានស្នើឱ្យទីក្រុង Rotterdam ចែករំលែកបទពិសោធន៍ និងផ្តល់ការគាំទ្រផ្នែកបច្ចេកទេសក្នុងការរៀបចំផែនការសេដ្ឋកិច្ចសង្គម ផែនការទូទៅ ដោយគិតគូរពីការរៀបចំផែនការគ្រប់គ្រងទឹក ការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ ការសម្របខ្លួនទៅនឹងធម្មជាតិ រួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់ទីក្រុង។ ធ្វើការពិភាក្សា អំពីការជួយឧបត្ថម្ភធុរកិច្ចហូឡង់ លោក Phan Van Mai បានអះអាងថា ទីក្រុងហូជីមិញបានត្រៀមខ្លួនជាស្រេចដើម្បីបង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់ធុរកិច្ចហូឡង់ក្នុងការវិនិយោគ និងធ្វើអាជីវកម្មរយៈពេលវែងក្នុងទីក្រុង។
រីឯខ្លួនវិញ លោក Ahmed Aboutaled បានបញ្ជាក់ថា ទីក្រុង Rotterdam មានបំណងចង់ទទួលបានការចែករំលែកបទពិសោធន៍របស់ទីក្រុងហូជីមិញ ក្នុងការគ្រប់គ្រងតំបន់ទីក្រុងធំ “សម្បូរបែប និងចម្រុះពណ៌”។ លើសពីនេះ ទីក្រុង Rotterdam មានបទពិសោធន៍ និងសមិទ្ធផលជាក់ស្តែងជាច្រើនក្នុងការរៀបចំផែនការទីក្រុងឆ្ពោះទៅរកធម្មជាតិ កាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងត្រៀមជាស្រេចចែក រំលែកបទពិសោធន៍ក្នុងគម្រោងសហប្រតិបត្តិការជាក់ស្តែងជាមួយទីក្រុងហូជីមិញ។ ក្នុងឱកាសនេះ អភិបាលក្រុង Rotterdam បានអញ្ជើញទីក្រុងហូជីមិញ ចូលរួមជាមួយបណ្តាញទីក្រុងសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ ដើម្បីចូលរួមក្នុងការផ្លាស់ប្តូរបញ្ហាទាក់ទងនឹងការគ្រប់គ្រងទីក្រុងក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុដែលកំពុងកើតឡើងនៅជុំវិញពិភពលោក៕