ទំនាក់ទំនងមិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការពហុភាគីរវាងវៀតណាម និងហុងគ្រីកំពុងអភិវឌ្ឍន៍ដោយឥតឈប់ឈរ

(VOVWORLD) - នាថ្ងៃទី ២៦ មិថុនា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅហុងគ្រី ប្រធានរដ្ឋសភាវៀត ណាម លោក Vuong Dinh Hue បានទទួលជួបអនុប្រធានរដ្ឋសភាហុងគ្រី Istvan Jakab។

ទំនាក់ទំនងមិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការពហុភាគីរវាងវៀតណាម និងហុងគ្រីកំពុងអភិវឌ្ឍន៍ដោយឥតឈប់ឈរ - ảnh 1ប្រធានរដ្ឋសភា លោក Vuong Dinh Hue ទទួលជួបអនុប្រធានរដ្ឋសភាហុងគ្រី Istvan Jakab (រូបថត៖ VOV)

ក្នុងជំនួបនេះ ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការពហុភាគីរវាងវៀតណាម និងហុងគ្រីក្នុងប៉ុន្មានឆ្នាំកន្លងមកដែលមានការអភិវឌ្ឍដោយឥតឈប់ឈរ; ការជឿទុកចិត្តផ្នែកនយោបាយត្រូវបានពង្រឹងតាមរយៈដំណើរទស្សនកិច្ចជាន់ខ្ពស់ នៃភាគីទាំងពីរលើគ្រប់បណ្តាញ៖ បក្ស រដ្ឋ រដ្ឋសភា ក៏ដូចជាការជួបប្រាស្រ័យប្រជាជន។ ជាពិសេស ទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបានលើកកំពស់ដល់កម្រិតនៃភាពជាដៃគូគ្រប់ជ្រុងជ្រោយក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការនៅហុងគ្រីរបស់អគ្គលេខាបក្ស Nguyen Phu Trong នាខែកញ្ញា ឆ្នាំ ២០១៨។

ថ្នាក់ដឹកនាំទាំងពីរបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម គឺជាវិស័យដែលភាគីទាំងពីរត្រូវយកចិត្តទុកដាក់ជំរុញ និងចែករំលែកបទពិសោធន៍។ ភាគីទាំងពីរក៏បានឯកភាពគ្នាថា ក្នុងស្ថានភាពពិភពលោកមានបម្រែបម្រួលយ៉ាងស្មុគស្មាញដូចបច្ចុប្បន្ននេះ ចំណងមិត្តភាព និងសេចក្តីស្រឡាញ់ដែលប្រជាជនទាំងពីរផ្តល់ជូនចំពោះគ្នាទៅវិញទៅមកនៅតែជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុត និងជាទ្រព្យសម្បត្តិដ៏មានតម្លៃដែលមិនមែនថា គ្រប់ប្រទេសទាំងអស់អាចមាននោះទេ។

នាថ្ងៃដដែល ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញទៅទស្សនា និងជួបធ្វើការជាមួយថ្នាក់ដឹកនាំទីក្រុង Albertirsa និងទស្សនាក្រុមហ៊ុន Mirelite Mirsa ដែលជាក្រុមហ៊ុនឯកទេសកែច្នៃកសិផលក្លាសេ។ ក្រុមហ៊ុន Mirelite Mirsa មានបទពិសោធន៍អស់រយៈពេល ៤១ ឆ្នាំនៅក្នុងវិស័យកសិកម្មអាហារ។ ជាមួយនឹងយុទ្ធសាស្ត្របើកទ្វារឆ្ពោះទៅទិសខាងកើតរបស់ហុងគ្រី ក្រុមហ៊ុន Mirelite Mirsa មានបំណងចង់វិនិយោគ និងសហប្រតិបត្តិការនៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ