ទំនាក់ទំនងសហប្រតិបត្តិការវៀតណាម-កម្ពុជាកំពុងអភិវឌ្ឍន៍ដោយឥតឈប់ឈរ
Van Do, Tuan Anh/VOV កម្ពុជា -  
(VOVWORLD) - នាយប់ថ្ងៃទី ៣០ សីហា នៅរាជធានីភ្នំពេញ ស្ថានទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធពិធីអបអរសាទរខួបលើកទី ៧៩ នៃបដិវត្តន៍ខែសីហា (១៩ សីហា ១៩៤៥ - ១៩ សីហា ២០២៤) និងទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (២ កញ្ញា ១៩៤៥ - ២ កញ្ញា ២០២៤)។
លោកឯកអគ្គរដ្ឋទូត Nguyen Huy Tang អញ្ជើញថ្លែងមតិក្នុងពិធី (រូបថត៖ VOV-ភ្នំពេញ) |
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកអគ្គរដ្ឋទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា លោក Nguyen Huy Tang ដោយមានការចូលរួមពីសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា, ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា សុខ ចិន្តាសោភា។
អញ្ជើញថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូត លោក Nguyen Huy Tang បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលដ៏ធំធេងក្នុងវិស័យជាច្រើនដែលវៀតណាមសម្រេចបានលើកំណាត់ផ្លូវ ៧៩ ឆ្នាំនៃការតស៊ូដណ្តើមឯករាជ្យជាតិ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិ៖
“លើកំណាត់ផ្លូវ ៧៩ ឆ្នាំនៃការតស៊ូដណ្តើមឯករាជ្យជាតិ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិ និងអនុវត្តដំណើរការអនុវត្តកិច្ចការផ្លាស់ប្តូរថ្មី ប្រជាជនវៀតណាមបានតស៊ូពុះពារជំនះលើការលំបាករាប់មិនអស់ និងសម្រេចបានសមិទ្ធិផលធំៗជាច្រើនលើពិភពលោក។ សព្វថ្ងៃនេះ វៀតណាមកំពុងបន្តជំរុញបុព្វហេតុឧស្សាហូបនីយកម្ម និងទំនើបភាវូបនីយកម្មរបស់ប្រទេសជាតិ ដោយសម្រេចបានគោលដៅកសាងវៀតណាមជាមួយ "ប្រជាជនអ្នកមាន ប្រទេសខ្លាំងមាំមួន ប្រជាធិបតេយ្យ យុត្តិធម៌ និងអរិយធម៌”។
ទិដ្ឋភាពនៃពិធី (រូបថត៖ PV/VOV-ភ្នំពេញ) |
លោកឯកអគ្គរដ្ឋទូត Nguyen Huy Tang ជឿជាក់ថា ទំនាក់ទំនងវៀតណាម-កម្ពុជានឹងកាន់តែរីកចម្រើនថែមទៀត ដើម្បីផលប្រយោជន៍របស់ប្រជាជនទាំងពីរ រួមចំណែកជាវិជ្ជមានដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់និងពិភពលោក៕
Van Do, Tuan Anh/VOV កម្ពុជា