ទុនវិនិយោគពីបរទេសមកវៀតណាមក្នុងរយៈពេល ៦ ខែ សម្រេចបានជាង ១៤ ពាន់លានដុល្លារ
(VOVWORLD) - យោងតាមនាយកដ្ឋានវិនិយោគបរទេស (ក្រសួងផែនការ និងវិនិយោគ) បានឲ្យដឹងថា គិតត្រឹមថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២២ ដើមទុនវិនិយោគផ្ទាល់ពីបរទេសសរុបដែលបានចុះបញ្ជីថ្មី កែសម្រួល និងរួមទុនទិញភាគហ៊ុនរបស់វិនិយោគិនបរទេស សម្រេចបានជាង ១៤ ពាន់លានដុល្លារអាមេរិក។
នាយកដ្ឋានវិនិយោគបរទេសបានឲ្យដឹងថា ទុនវិនិយោគដើម្បីអនុវត្តន៍គម្រោងវិនិយោគពីបរទេសក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២២ បានកើនឡើង ៨,៩% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២១។ ប្រការនេះបានបង្ហាញថា សហគ្រាសកំពុងស្តារឡើងវិញ រក្សា និងពង្រីកដោយឥតឈប់ឈរ នូវសកម្មភាពផលិតកម្មនិងអាជីវកម្ម។
យោងតាមដៃគូវិនិយោគ មានប្រទេសនិងតំបន់ដែនដីចំនួន ៨៤ បានធ្វើការបណ្តាក់ទុននៅវៀតណាមក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២២។ ក្នុងនោះ សិង្ហបុរីនាំមុខគេដោយមានទុនវិនិយោគសរុបចំនួនជាង ៤,១ ពាន់លានដុល្លារ; កូរ៉េខាងត្បូងជាប់ចំណាត់ថ្នាក់លេខ២ ដាណឺម៉ាកលេខ៣; បន្ទាប់មកគឺចិន ជប៉ុន និងហុងកុង (ចិន)។
បើតាមមូលដ្ឋានវិនិយោគ វិនិយោគិនបរទេសបានបណ្តាក់ទុនក្នុងខេត្ត ក្រុងចំនួន ៤៩ នៅទូទាំងប្រទេស ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២២។ ខេត្ត Binh Duong គឺជាមូលដ្ឋាននាំមុខគេ ហើយទីក្រុងហូជីមិញជាប់ចំណាត់ថ្នាក់លេខ២ ៕