ទីផ្សារអចលនទ្រព្យរបស់វៀតណាមមានភាពទាក់ទាញសម្រាប់វិនិយោគិន
(VOVWORLD) - នៅឆ្នាំ ២០២៤ វៀតណាមជាប់ចំណាត់ថ្នាក់ទី ២ ក្នុងចំណោមទីផ្សារទើបលេចចេញដែលត្រូវបានស្វែងរកច្រើនបំផុត ទាក់ទងនឹងយុទ្ធសាស្ត្រវិនិយោគ ឱកាស និងតម្លៃបន្ថែមក្នុងវិស័យអចលនទ្រព្យ។
នេះគឺជាលទ្ធផលនៃការស្ទង់មតិថ្មីបំផុត របស់ CBRE (Coldwell Banker Richard Ellis - ក្រុមហ៊ុនវិនិយោគនិងសេវាកម្មអចលនទ្រព្យពាណិជ្ជកម្មរបស់អាមេរិក) ស្តីពីគោលបំណង និងផែនការរបស់វិនិយោគិនក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក នាឆ្នាំ២០២៤នេះ។
អគារអាផាតមិននៅផ្លូវ Nguyen Huu Canh ស្រុក Binh Thanh ទីក្រុងហូជីមិញ។ រូបភាព៖ Hong Dat/TTXVN |
យោងតាមតំណាងរបស់ CBRE Vietnam បើធៀបនឹងប្រទេសដទៃទៀតក្នុងតំបន់ វៀតណាមកំពុងទាក់ទាញការយកចិត្តទុកដាក់កាន់តែច្រើនពីវិនិយោគិន ដោយសារមូលដ្ឋានគ្រឹះម៉ាក្រូសេដ្ឋកិច្ចមានស្ថិរភាព និងអត្រាការប្រាក់ទាប។ លោក Nguyen Pham Anh Duy ប្រធាននាយកដ្ឋានប្រឹក្សាវិនិយោគនៃ CBRE Vietnam បានមានប្រសាសន៍ថា៖ “វិនិយោគិនកំពុងសម្លឹងមើលយ៉ាងសកម្ម ដើម្បីបង្កើនវត្តមានរបស់ពួកគេនៅវៀតណាម។ វៀតណាមក៏បានកាត់បន្ថយអត្រាការប្រាក់ក្នុងពេលថ្មីៗនេះដែរ។ នេះក៏ធ្វើឲ្យទីផ្សារអចលនទ្រព្យរបស់វៀតណាមគួរឲ្យទាក់ទាញកាន់តែខ្លាំង”។
សម្រាប់ទីផ្សារអចលនទ្រព្យនៅអាស៊ីប៉ាស៊ីហ្វិក រួមទាំងវៀតណាម វិនិយោគិនបរទេសយកចិត្តទុកដាក់លើផ្នែកដូចជា អចលនទ្រព្យមណ្ដលឧស្សាហកម្ម អចលនទ្រព្យការិយាល័យ និងជាពិសេសការស្វែងរកដីធ្លីសម្រាប់សាងសង់លំនៅដ្ឋាន។
យោងតាមការវិភាគរបស់ CBRE ក្នុងឆមាស់ទីពីរនៃឆ្នាំ ២០២៤ សកម្មភាពទិញ និងលក់គម្រោងអចលនទ្រព្យពាណិជ្ជកម្មនៅក្នុងប្រទេសវៀតណាមនឹងកើនឡើង ខណៈដែលទីផ្សារកំពុងរំពឹងទុកលើការកាត់បន្ថយអត្រាការប្រាក់ដោយធនាគារកណ្តាលក្នុងតំបន់៕