ទួរគី និងរុស្ស៊ីជំរុញការ​ចរចាលើកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ

(VOVWORLD) - នាថ្ងៃទី ១៧ ខែកក្កដា ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសទួរគី និងរុស្ស៊ីបានពិភាក្សាគ្នាអំពីកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ បន្ទាប់ពីទីក្រុងម៉ូស្គូបានប្រកាសផ្អាកការចូលរួមក្នុងកិច្ចព្រមព្រៀងនេះ។ 
ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោកប្រធានាធិបតី Erdogan បានបង្ហាញទំនុកចិត្តថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin មានបំណងចង់រក្សាកិច្ចព្រមព្រៀងនេះ។ លោក Erdogan ក៏បានប្រកាសដែរថា បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកនៅបណ្តាប្រទេសឈូងសមុទ្រ លោកនឹងមានការពិភាក្សាជាមួយលោកប្រធានាធិបតី Putin នៅថ្ងៃទី ១៩ ខែកក្កដា។ ភាគីទាំងពីរគ្រោងនឹងពិភាក្សាអំពីរបៀបជំរុញការដឹកជញ្ជូនជីនិងគ្រាប់ធញ្ញជាតិរបស់រុស្ស៊ី។ តាមផែនការ មេដឹកនាំទាំងពីរនឹងជួបប្រជុំគ្នានៅប្រទេសទួរគី ក្នុងខែសីហាខាមុខ។
ទួរគី និងរុស្ស៊ីជំរុញការ​ចរចាលើកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ - ảnh 1កប៉ាល់ដឹកគ្រាប់ធញ្ញជាតិនៅច្រកទ្វារសមុទ្រ Bosphorus ទួរគី។ រូបថត៖ AFP/VNA

នៅថ្ងៃដដែលនោះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រកាសថា ផ្នែកនៃកិច្ចព្រមព្រៀងទាក់ទងនឹងរុស្ស៊ីមិនត្រូវបានអនុវត្តនោះ ទេ ដូច្នេះកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅនឹងផុតកំណត់នៅថ្ងៃតែមួយ។ លោក Peskov ក៏បានសង្កត់ធ្ងន់ថា បន្ទាប់ពីផ្នែកពាក់ព័ន្ធនឹងរុស្ស៊ីត្រូវបានអនុវត្តនោះ រុស្ស៊ីនឹងវិលត្រឡប់ទៅអនុវត្តកិច្ចព្រមព្រៀងនេះ"ភ្លាមមួយរំពិច" ។

សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីម្សិលមិញបានប្រឆាំងជំទាស់នឹងការសម្រេចចិត្តរបស់រុស្ស៊ី ក្នុងការផ្អាក់ការចូលរួមក្នុងគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិ ហើយបានសម្តែងការព្រួយបារម្ភថា តម្លៃស្បៀងអាហារនឹងកើនឡើងខ្ពស់ ជាពិសេសនៅបណ្តាប្រទេសក្រីក្រ។

ឧត្តមស្នងការទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខរបស់សហភាពអឺរ៉ុប (EU) លោក Josep Borrell និងប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប លោក Charles Michel កាលពីម្សិលមិញក៏បានរិះគន់សេចក្តីប្រកាសរបស់រុស្ស៊ីដែលមិនបន្តកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ។

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានប្រកាសប្រទេសនេះបានត្រៀមខ្លួនជាស្រេចសម្រាប់បន្តការនាំចេញគ្រាប់ធញ្ញជាតិឡើងវិញ។ ប្រធានាធិបតី Zelensky បានបញ្ជាឱ្យក្រសួងការបរទេសអ៊ុយក្រែនរៀបចំសារលិខិតជាផ្លូវការផ្ញើទៅកាន់អង្គការសហប្រជាជាតិ និងទួរគី ដើម្បីមើលថាតើភាគីនានាមានសុច្ឆន្ទៈដើម្បីរក្សាគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅដែរឬទេ។

កិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅត្រូវបានចុះហត្ថលេខានៅថ្ងៃទី ២២ ខែមិថុនាឆ្នាំ ២០២២ នៅទីក្រុងអ៊ីស្តង់ប៊ុល (ទួរគី) សម្រាប់រយៈពេល ១២០ ថ្ងៃហើយបន្ទាប់មកត្រូវបានពន្យាពេលចំនួន៣ដង។ ផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ បានកំណត់ដំណើរការនាំគ្រាប់ធញ្ញជាតិពីកំពង់ផែដែលគ្រប់គ្រងដោយទីក្រុងគៀវ ហើយផ្នែកមួយទៀតទាក់ទងនឹងការនាំចេញកសិផលនិងជីរបស់រុស្ស៊ីទៅកាន់ទីផ្សារពិភពលោកដែលមិនទាន់ត្រូវបានអនុវត្តនោះឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ