ទួរគីស្នើឱ្យប្រទេសដាណឺម៉ាកចាត់វិធានការជាបន្ទាន់ដើម្បីបញ្ឈប់ការដុតគម្ពីរកូរ៉ាន

(VOVWORLD) - កិច្ចសន្ទនានេះបានកើតឡើងបន្ទាប់ពីក្រុមប្រឆាំងមូស្លីមតូចមួយបានដុតគម្ពីរកូរ៉ាននៅមុខស្ថានទូតអេហ្ស៊ីប និងទួរគីក្នុងប្រទេសដាណឺម៉ាក។

ទួរគីស្នើឱ្យប្រទេសដាណឺម៉ាកចាត់វិធានការជាបន្ទាន់ដើម្បីបញ្ឈប់ការដុតគម្ពីរកូរ៉ាន - ảnh 1បាតុកម្មនៅ Kufa (អ៊ីរ៉ាក់) ប្រឆាំងនឹងការដុតគម្ពីរកូរ៉ាន (រូបថត៖ AFP/TTXVN)

នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយសមភាគីដាណឺម៉ាក នាថ្ងៃទី ២៩ ខែកក្កដា រដ្ឋមន្ត្រីការបរទេសទួរគីលោក Hakan Fidan បានអំពាវនាវឱ្យដាណឺម៉ាកចាត់វិធានការជាបន្ទាន់ដើម្បីបញ្ឈប់ការដុតគម្ពីរកូរ៉ានដោយអះអាងថា ទង្វើបែបនេះគឺគួរឱ្យស្អប់ខ្ពើម ញុះញង់ឱ្យមានអំពើហិង្សាសាសនា។ កិច្ចសន្ទនានេះបានកើតឡើងបន្ទាប់ពីក្រុមប្រឆាំងមូស្លីមតូចមួយបានដុតគម្ពីរកូរ៉ាននៅមុខស្ថានទូតអេហ្ស៊ីប និងទួរគីក្នុងប្រទេសដាណឺម៉ាក។

ខាងភាគីដាណឺម៉ាក រដ្ឋមន្ត្រីការបរទេស Lars Lokke Rasmussen បានសង្កត់ធ្ងន់ថា ទួរគីជាសម្ព័ន្ធមិត្តជិតស្និទ្ធ ហើយសង្ឃឹមថា ឧបទ្ទវហេតុនេះនឹងមិនប៉ះពាល់ដល់ទំនាក់ទំនងនៃប្រទេសទាំងពីរឡើយ។

នៅថ្ងៃដដែលនោះ ភ្នាក់ងារជនចំណាកស្រុកស៊ុយអែតបានឲ្យដឹងថា ខ្លួនកំពុងពិនិត្យមើលការអនុញ្ញាតឱ្យស្នាក់នៅរបស់ជនភៀសខ្លួនអ៊ីរ៉ាក់ Salwan Momika ដែលបានដុតគម្ពីរកូរ៉ាន និងបង្កការតវ៉ាប្រឆាំងនឹងសាសនាអ៊ីស្លាមក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ ចំណាត់ការរបស់ស៊ុយអែតកើតឡើងបន្ទាប់ពីតុលាការស៊ុយអែតបានសម្រេចថា ប៉ូលិសមិនអាចទប់ស្កាត់ការដុតគម្ពីរសាសនា។

សូមគូសបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ការដុតគម្ពីរកូរ៉ានរបស់មនុស្សមួយក្រុមនៅក្នុងប្រទេសស៊ុយអែត និងដាណឺម៉ាក បានបង្កឱ្យមានការប្រឆាំងពីបណ្តាប្រទេសមូស្លីមជាច្រើន ដោយបង្កើតឱ្យមានភាពតានតឹងការទូតដែលមិនធ្លាប់មានពីមុនមក។ ថ្ងៃស្អែក ទី ៣១ កក្កដា  អង្គការសហប្រតិបត្តិការឥស្លាមនឹងជួបពិភាក្សាគ្នាអំពីករណីទាំងនេះឱ្យបានលម្អិតបន្ថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ