ទ្រឹស្តីនិយមនៃកងទ័ពជើងទឹកថ្មីរបស់រុស្ស៊ី សំដៅពង្រឹងសន្តិសុខជាតិ
(VOVWORLD) - នៅថ្ងៃទី ៣១ ខែកក្កដា នៅទីក្រុង Saint Petersburg មុនពេលចាប់ផ្តើមក្បួនព្យុហយាត្រាយោធាដ៏ឧឡារិក ដើមប្បីប្រារព្ធទិវាកងទ័ពជើងទឹករុស្ស៊ី ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin អគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធរុស្ស៊ី បានចុះហត្ថលេខាលើឯកសារមួយចំនួនដែលកំណត់ប្រតិបត្តិការរបស់កងទ័ពជើងទឹករុស្ស៊ី រួមទាំងទ្រឹស្តីនិយមនៃកងទ័ពជើងទឹកថ្មី និងលក្ខន្តិកៈនាវានៃកងទ័ពជើងទឹករុស្ស៊ី។
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin។ (រូបថត៖ Reuters) |
ឯកសារនេះត្រូវបានប្រកាសជាផ្លូវការនៅលើគេហទំព័ររបស់វិមានក្រឹមឡាំង។ ដូច្នេះ បន្ទាប់ពីរយៈពេល ៧ ឆ្នាំ រុស្ស៊ីបានកែសម្រួលទ្រឹស្តីនិយមនៃកងទ័ពជើងទឹករបស់ខ្លួន។ ឯកសារនេះត្រូវបានកែសម្រួលលើកចុងក្រោយ នៅពេលដែលរុស្ស៊ីបានរួមបញ្ចូលឧបទ្វីបគ្រីមៀ កាលពីឆ្នាំ ២០១៤។
ថ្លែងមតិនៅពិធីព្យុហយាត្រាយោធានេះ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានអះអាងថា សហព័ន្ធរុស្ស៊ីនឹងប្រើប្រាស់គ្រប់កម្លាំង និងគ្រប់មធ្យោបាយទាំងអស់ដើម្បីការពារដែនសមុទ្ររបស់ខ្លួន។ រុស្ស៊ីនឹងឆ្លើយតបយ៉ាងឆាប់រហ័សចំពោះរាល់ទង្វើរំលោភបំពានលើអធិបតេយ្យភាព និងសេរីភាពរបស់សហព័ន្ធរុស្ស៊ី។ លោកប្រធានាធិបតី Putin បានកត់សម្គាល់ផងដែរថា ទ្រឹស្តីនិយមនៃកងទ័ពជើងទឹកថ្មីបានគូសបញ្ជាក់ពីខ្សែព្រំដែនរបស់រុស្ស៊ី រួមទាំងនៅតំបន់ប៉ូលខាងជើង និងសមុទ្រខ្មៅ ហើយបានបង្ហាញពីការត្រៀមខ្លួនដោយប្រើប្រាសគ្រប់មធ្យោបាយទាំងអស់ ដើម្បីការពារព្រំដែនទាំងនេះ៕