ទិវាកុមារអន្តរជាតិថ្ងៃទី ១ មិថុនា ជាពិសេសនៅក្នុងបណ្តាប្រទេសជាច្រើននៅអឺរ៉ុប

(VOVWORLD) - កុមារនៅតាមបណ្តាប្រទេសអឺរ៉ុបជាច្រើនបានរំលឹកខួបអនុស្សាវរីយ៍ទិវាកុមារអន្តរជាតិ (ថ្ងៃទី១ខែមិថុនា) នៅឆ្នាំ២០២០ ក្នុងបរិយាកាសពិសេស ដែលបរិបទនៃប្រទេសមួយចំនួនកំពុងបន្ធូរបន្ថយការបិទប្រទេសជាបណ្តើរៗ ដោយសារផលប៉ះពាល់នៃជំងឺរាតត្បាត COVID-19។

នៅប្រទេសប៉ូឡូញ អាជ្ញាធរនិងអង្គការជាច្រើនបានផ្តល់នូវបរិយាកាសសប្បាយរីករាយសម្រាប់កុមារតាមរយៈកម្មវិធីអានសៀវភៅតាមអនឡាញ។ ជាពិសេសគឺលោកនាយករដ្ឋមន្រ្តី Mateusz Morawiecki បានអានកំណាព្យដែលនិពន្ធផ្ទាល់ ខ្លួនជូនសម្រាប់កុមារ។

នៅប្រទេសរ៉ូម៉ានីវិញ មិនត្រឹមតែកុមារប៉ុណ្ណោះទេ ថែមទាំងមនុស្សពេញវ័យក៏ស្វាគមន៍ទិវាកុមារអន្តរជាតិផងដែរ ពីព្រោះនេះក៏ជាថ្ងៃដំបូងដែលប្រទេសនេះបានបន្ធូរបន្ថយស្ទើរតែទាំងស្រុងនូវវិធានការដាក់កំហិតនានាផងដែរ។ ចាប់តាំងពីថ្ងៃទី ១ ខែមិថុនា សារមន្ទីរនិងទីធ្លាខាងក្រៅនៃភោជនីយដ្ឋាន ក៏ត្រូវបានបើកដំណើរការឡើងវិញ ហើយប្រជាជនក៏ធ្វើដំណើរដោយសេរីផងដែរ។

ទន្ទឹមនឹងនេះនៅប្រទេសអាល់បានី ប្រជាជនត្រូវបានអនុញ្ញាតឱ្យទៅលេងសួនច្បារនិងទីលានកំសាន្តនានា ចាប់ពីថ្ងៃទី ១ ខែមិថុនា ខណៈដែលសាលាមត្តេយ្យក៏ត្រូវបានបើកដំណើរការឡើងវិញបន្ទាប់ពីការបិទប្រទេសអស់រយៈពេលជាង ២ ខែផងដែរ។ លោកប្រធានាធិបតី Ilir Meta បានអញ្ជើញទៅសួរសុខទុក្ខនិងប្រគល់សៀវភៅជូនមជ្ឈមណ្ឌលកុមារកំព្រាមួយនៅរដ្ឋធានី Tirana ហើយលោកក៏បានអះអាងថាកុមារទាំងអស់ ជាពិសេសកុមារដែលខ្វះខាតក្តីស្រឡាញ់របស់មាតាបិតា និងកុមារដែលជួបការលំបាក ចាំបាច់ត្រូវទទួលការយកចិត្តទុកដាក់និងថែទាំងសុខភាពខ្ពស់ និងត្រូវបានទៅសាលារៀនដោយឥតគិតថ្លៃ ក៏ដូចទទួលបានការការពារចំពោះការរំលោភបំពានក្រោមគ្រប់រូបភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ