ទាហានអាមេរិកជាង៦ពាន់នាក់ នឹងចូលរួមក្នុងសមយុទ្ធ “ពស់វែកមាស” នៅថៃ
(VOVWORLD) - សមយុទ្ធពហុភាគីប្រចាំឆ្នាំ “ពស់វែកមាស” (Cobra Gold) លើកទី ៤២ ដោយសហរដ្ឋអាមេរិក និងថៃសម្របសម្រួលរៀបចំឡើង នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៨ខែកុម្ភៈដល់ថ្ងៃទី ១ខែមីនាក្នុងប្រទេសថៃ ដោយមានការចូលរួមពីយោធិនជិត ៧.៤០០នាក់ រួមទាំងទាហានអាមេរិកជាង ៦.០០០នាក់។
សន្និសីទសារព័ត៌មាននៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៣ ស្តីពីសមយុទ្ធ “ពស់វែកមាស” ឆ្នាំ២០២៣។ (រូបថត៖ The Nation) |
នេះជាព័ត៌មានដែលអគ្គសេនាធិការកងទ័ពចម្រុះ ឧត្តមសេនីយ Thitichai Thienthong បានប្រកាសក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី ១៤ ខែកុម្ភៈ នៅទីបញ្ជាការកងទ័ពភូមិន្ទថៃ ក្នុងទីក្រុងបាងកក។ យោងតាមឧត្តមសេនីយ Thitichai សមយុទ្ធ “ពស់វែកមាស” នៅឆ្នាំនេះ នឹងស្ដារឡើងវិញយ៉ាងពេញលេញនូវខ្លឹមសារហ្វឹកហាត់ប្រចាំឆ្នាំ ដូចជា៖ ការពារប្រជាពលរដ្ឋ ការផ្តល់ជំនួយមនុស្សធម៌ ការជួយសង្គ្រោះគ្រោះមហន្តរាយ និងការឆ្លើយតបទៅនឹងការវាយប្រហារតាមអ៊ីនធឺណែត។
“ពស់វែកមាស” គឺជាសមយុទ្ធពហុភាគីដ៏ធំបំផុតនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដោយមានប្រទេសចំនួន ៧ បានចូលរួមជាផ្លូវការគឺ ជប៉ុន អាមេរិក ថៃ កូរ៉េខាងត្បូង ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងសិង្ហបុរី។ ប្រទេសចំនួនបីដែលនឹងចូលរួមក្នុងការហ្វឹកហាត់ផ្តល់ជំនួយមនុស្សធម៌រួមមានចិន ឥណ្ឌា និងអូស្ត្រាលី។ ទន្ទឹមនឹងនោះ ប្រទេសចំនួន១០ដែលនឹងចូលរួមក្នុងនាមជាអ្នកសង្កេតការណ៍មានកម្ពុជា ឡាវ ប្រេស៊ីល ប៉ាគីស្ថាន វៀតណាម អាល្លឺម៉ង់ ស៊ុយអែត ក្រិក គុយវ៉ែត និងស្រីលង្កា៕