ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងមិត្តភាពប្រពៃណីពិសេសរវាងវៀតណាមនិងគុយបា
(VOVWORLD) - នារសៀលថ្ងៃទី ២២ មិថុនា នៅរដ្ឋធានីហាណូយ អគ្គលេខាបក្ស លោក Nguyen Phu Trong បានទទួលជួបលោកឧត្តមសេនីយឯក Álvaro López Miera រដ្ឋមន្ត្រីក្រសួងកងកម្លាំងប្រដាប់អាវុធបដិវត្តគុយបាក្នុងឱកាសមកបំពេញទស្សនកិច្ចនៅវៀតណាម។
អគ្គលេខាបក្ស លោក Nguyen Phu Trong ទទួលជួបលោកឧត្តមសេនីយឯក Álvaro López Miera រដ្ឋមន្ត្រីក្រសួងកងកម្លាំងប្រដាប់អាវុធបដិវត្តគុយបា។ (រូបថត៖ VNA) |
អគ្គលេខាបក្ស លោក Nguyen Phu Trong បានសម្តែងនូវជំនឿថា ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកក្នុងការពង្រឹង និងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងមិត្តភាពប្រពៃណីពិសេសរវាងបក្សទាំងពីរ ប្រទេសទាំងពីរ និងកងទ័ពនៃប្រទេសទាំងពីរ។ អគ្គលេខាបក្ស លោក Nguyen Phu Trong បានបញ្ជាក់នូវចំណងសាមគ្គីភាពដ៏ឥតងាករេរបស់បក្ស រដ្ឋ និងប្រជាជនវៀតណាមចំពោះបុព្វហេតុយុត្តិធម៌របស់បក្ស រដ្ឋ និងប្រជាជនគុយបា។ លោកអគ្គលេខាបក្សបានវាយតម្លៃខ្ពស់ចំពោះតួនាទីសំខាន់ និងលទ្ធផលក្នុងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរ; ស្នើឲ្យភាគីទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង ប្រកបដោយប្រសិទ្ធភាព និងស្របតាមផលប្រយោជន៍នៃប្រទេសនីមួយៗ ដើម្បីសន្តិភាព និងការអភិវឌ្ឍក្នុងតំបន់ និងលើពិភពលោក។
រីឯខ្លួនវិញ លោកឧត្តមសេនីយ៍ឯក Álvaro López Miera រដ្ឋមន្ត្រីក្រសួងកងកម្លាំងប្រដាប់អាវុធបដិវត្តគុយបាបានជម្រាបជូនអគ្គលេខាបក្ស លោក Nguyen Phu Trong អំពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរនាពេលកន្លងមក។ លោកបានអះអាងថា នឹងសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងការពារប្រទេសវៀតណាម ដើម្បីអនុវត្តន៍ឱ្យបានល្អនូវខ្លឹមសារនៃកិច្ចសហប្រតិបត្តិការទ្វេភាគី រួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាពពិសេសរវាងបក្សទាំងពីរ រដ្ឋទាំងពីរ ប្រជាជននិងកងទ័ពនៃប្រទេសទាំងពីរ។
នារសៀលថ្ងៃដដែល នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ក៏បានទទួលជួបលោកឧត្តមសេនីយ៍ឯក Álvaro López Miera រដ្ឋមន្ត្រីក្រសួងកងកម្លាំងប្រដាប់អាវុធបដិវត្តគុយបាផងដែរ៕