នា​ថ្ងៃទី ៦ ខែវិច្ឆិកា រដ្ឋសភាវៀតណាមនឹង​​ចាប់ផ្តើមការ​សួរដេញដោលសមាជិករដ្ឋាភិបាល

(VOVWORLD) - នាយករដ្ឋមន្រ្តី លោក Pham Minh Chinh និងសមាជិករដ្ឋាភិបាលវៀតណាមជាង ២០ នាក់ នឹងអញ្ជើញឆ្លើយសំណួរដេញដោលនៅរដ្ឋសភាចាប់ពីព្រឹកថ្ងៃថ្ងៃទី ៦ ខែវិច្ឆិកា រហូតដល់ព្រឹកថ្ងៃទី ៨ ខែវិច្ឆិកា។ 

សម័យសួរដេញដោលប្រព្រឹត្តទៅក្នុងក្របខ័ណ្ឌនៃសម័យប្រជុំលើកទី៦ រដ្ឋសភានីតិកាលទី១៥ ហើយត្រូវបានផ្សាយផ្ទាល់នៅលើទូរទស្សន៍ និងរលកវិទ្យុ សម្រាប់ម្ចាស់បោះឆ្នោតនិងប្រជាជនទូទាំងប្រទេសតាមដាន។

នា​ថ្ងៃទី ៦ ខែវិច្ឆិកា រដ្ឋសភាវៀតណាមនឹង​​ចាប់ផ្តើមការ​សួរដេញដោលសមាជិករដ្ឋាភិបាល - ảnh 1សម័យប្រជុំលើកទី៦ នៃរដ្ឋសភានីតិកាលទី១៥។ រូបថត៖ VOV

យោងតាមកម្មវិធីសួរដេញដោលនិងឆ្លើយសំណួរដេញដោលដែលខុទ្ទកាល័យរដ្ឋសភាបានប្រកាសកាលពីរសៀលថ្ងៃទី ៤ ខែវិច្ឆិកា សមាជិករដ្ឋសភានឹងសួរដេញដោលអំពីការអនុវត្តការសន្យារបស់សមាជិករដ្ឋាភិបាល និងប្រធានផ្នែក តាមសេចក្តីសម្រេចចិត្តចំនួន ១០ របស់រដ្ឋសភានីតិកាលទី ១៤ និងទី ១៥ ។

ជាក់ស្តែង សមាជិករដ្ឋសភានឹងសួរដេញដោលសមាជិករដ្ឋាភិបាលលើក្រុមវិស័យដូចជា៖ ផែនការនិងវិនិយោគ ហិរញ្ញវត្ថុ ធនាគារ ហើយបន្ទាប់មកគឺក្រុមវិស័យឧស្សាហកម្មនិងពាណិជ្ជកម្ម កសិកម្មនិងអភិវឌ្ឍន៍ជនបទ គមនាគមន៍ដឹកជញ្ជូន សំណង់ ធនធាននិងបរិស្ថាន។ ក្រុមវិស័យបន្ទាប់ត្រូវបានសួរដេញដោលគឺ៖ យុត្តិធម៌ កិច្ចការផ្ទៃក្នុង សន្តិសុខ សណ្តាប់ធ្នាប់និងសុវត្ថិភាពសង្គម អធិការកិច្ច តុលាការ អយ្យការ និងសវនកម្ម។ ក្រុមវិស័យសួរដេញដោលចុងក្រោយគឺ៖ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា អប់រំនិងបណ្តុះបណ្តាល វប្បធម៌ កីឡា និងទេសចរណ៍ សុខាភិបាល ពលកម្ម យុទ្ធជនពិការនិងសង្គមកិច្ច ព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ។

នៅចុងបញ្ចប់នៃសម័យសួរដេញដោល នាព្រឹកថ្ងៃទី ៨ ខែវិច្ឆិកា នាយករដ្ឋមន្រ្តី លោក Pham Minh Chinh នឹងរាយការណ៍ពន្យល់ បំភ្លឺបញ្ហាពាក់ព័ន្ធ និងឆ្លើយការសួរដេញដោលរបស់សមាជិករដ្ឋសភា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ