នាំ​ទំនាក់ទំនង​ទ្វេភាគី​រវាងវៀតណាមនិងឥណ្ឌូនេស៊ីឲ្យ​កាន់​តែជាក់ស្តែងនិង​មាន​ប្រសិទ្ធភាព

(VOVWORLD) - តបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី Joko Widodo នាថ្ងៃទី ២១ ខែធ្នូ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋឥណ្ឌូនេស៊ី។
នាំ​ទំនាក់ទំនង​ទ្វេភាគី​រវាងវៀតណាមនិងឥណ្ឌូនេស៊ីឲ្យ​កាន់​តែជាក់ស្តែងនិង​មាន​ប្រសិទ្ធភាព - ảnh 1ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc។ (រូបថត៖ TTXVN)
ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែធ្នូ នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់ថ្នាក់ដឹកនាំវៀតណាមមួយរូបទៅកាន់ប្រទេសឥណ្ឌូនេស៊ី ចាប់តាំងពីមហា សន្និបាតលើកទី ១៣ របស់បក្ស ក៏ដូចជាការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ ១៩។ ជាពិសេស នេះក៏ជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់ប្រធានរដ្ឋវៀតណាមទៅកាន់ឥណ្ឌូនេស៊ី បន្ទាប់ពីរយៈពេល ៩ ឆ្នាំ និងក្នុងបរិបទដែលប្រទេសទាំងពីរ ឆ្ពោះទៅខួបលើកទី ១០ នៃការបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ (២០១៣-២០២៣)។

ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅឥណ្ឌូនេស៊ីរបស់ប្រធានរដ្ឋ Nguyen Xuan Phuc ប្រព្ឹត្តទៅចំពេលដែលទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរកំពុងអភិវឌ្ឍន៍យ៉ាងសកម្ម។ នៅតំបន់អាស៊ីអាគ្នេយ៍ ឥណ្ឌូនេស៊ីគឺជាប្រទេសដំបូងគេដែលបង្កើតទំនាក់ទំនងការទូតជាមួយវៀតណាមតាំងពីឆ្នាំ ១៩៥៥ ហើយវៀតណាមគឺជាដៃគូយុទ្ធសាស្ត្រតែមួយគត់របស់ឥណ្ឌូនេស៊ីនៅអាស៊ីអាគ្នេយ៍ចាប់តាំងពីឆ្នាំ ២០១៣ ដែលបង្ហាញពីសារៈសំខាន់នៃប្រទេសនីមួយៗ ចំពោះទំនាក់ទំនងនេះ។ សូម្បីតែក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រទេសទាំងពីរក៏បានរៀបចំសកម្ម ភាពទំនាក់ទំនងកម្រិតខ្ពស់ និងគ្រប់កម្រិត។ មកទល់ពេលនេះ ប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងកិច្ចសហប្រតិបត្តិការជាច្រើន រួមទាំងកម្មវិធីសកម្មភាពអនុវត្តភាពជាដៃគូយុទ្ធសាស្ត្រសម្រាប់រយៈពេល ២០១៩-២០២៣។

ក្នុងសកម្មភាពពហុភាគី ទាំងវៀតណាម និងឥណ្ឌូណេស៊ីបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ហើយដើរតួនាទីយ៉ាងសំខាន់ក្នុងអាស៊ាន ទន្ទឹមនឹងការពង្រឹងឋានៈរបស់ខ្លួនយ៉ាងសកម្មនៅអង្គការសហប្រជាជាតិ។ នៅឆ្នាំក្រោយ ឥណ្ឌូណេស៊ីនឹងក្លាយជាប្រធានប្តូរវេនអាស៊ាន។ ជាមួយ នឹងមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការដែលមានស្រាប់ រវាងប្រទេសទាំងពីរ ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅឥណ្ឌូនេស៊ីរបស់ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc មានអត្ថន័យធំធេង រួមចំណែកពង្រឹងជំនឿទុកចិត្តផ្នែកនយោបាយ និងធ្វើឱ្យទំនាក់ទំនងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅលើទិដ្ឋភាពជាច្រើន នាំទំនាក់ទំនងទ្វេភាគីឈានចូលទៅក្នុងដំណាក់កាលថ្មីនៃការអភិវឌ្ឍ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ