នាំទំនាក់ទំនងរវាងវៀតណាមនិងហ្វីលីពីនឲ្យកាន់តែស៊ីជម្រៅនិងជាក់ស្តែង

(VOVWORLD) - នារសៀលថ្ងៃទី៨ ខែតុលា ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី៤៤និងទី៤៥ និងកិច្ចប្រជុំពាក់ព័ន្ធនានានៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ លោកនាយករដ្ឋមន្ត្រីវៀតណាម ហ្វាម មិញ ជិញបានអញ្ជើញជួបសន្ទនាជាមួយប្រធានាធិបតីហ្វីលីពីនលោក Ferdinand Romualdez Marcos។

 

ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការសំខាន់ៗនាពេលខាងមុខ នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញបានស្នើថា ភាគីទាំងពីរជំរុញកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មនិងសេដ្ឋកិច្ច-ពាណិជ្ជកម្ម ឲ្យសមស្របទៅនឹងសក្ដានុពលនៃប្រទេសទាំងពីរ បើកទូលាយទីផ្សារទំនិញរបស់គ្នាទៅវិញទៅមក ដោយគោលបំណងសម្រេចបានគោលដៅលើកកម្ពស់ទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ១០ ពាន់លានដុល្លារនៅឆ្នាំ ២០២៥។

នាំទំនាក់ទំនងរវាងវៀតណាមនិងហ្វីលីពីនឲ្យកាន់តែស៊ីជម្រៅនិងជាក់ស្តែង - ảnh 1លោកនាយករដ្ឋមន្ត្រីវៀតណាម ហ្វាម មិញ ជិញបានអញ្ជើញជួបសន្ទនាជាមួយប្រធានាធិបតីហ្វីលីពីនលោក Ferdinand Romualdez Marcos។ រូបថត៖ TTXVN

រីឯខ្លួនវិញ លោកប្រធានាធិបតី Ferdinand Romualdez Marcos បានអះអាងថា វៀតណាមជាដៃគូយុទ្ធសាស្ត្រសំខាន់របស់ហ្វីលីពីន។ លោកប្រធានាធិបតីបានស្នើឱ្យវៀតណាមបន្តគាំទ្រហ្វីលីពីនក្នុងការធានាសន្តិសុខស្បៀង និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការកសិកម្ម និងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអង្ករដែលបានចុះហត្ថលេខាកាលពីដើមឆ្នាំនេះ។

ថ្នាក់ដឹកនាំទាំងពីរបានឯកភាពបន្តពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ ប្រកបដោយនិរន្តរភាព និងយូរអង្វែង រួមចំណែកជាវិជ្ជមានដល់សហគមន៍អាស៊ានដ៏រឹងមាំសម្រាប់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់ និងជុំវិញពិភពលោក។ ទាក់ទងនឹងកិច្ចសហប្រតិបត្តិការលើដែនសមុទ្រ ភាគីទាំងពីរបានឯកភាពបន្តការពិគ្រោះយោបល់ និងការសម្របសម្រួលយ៉ាងជិតស្និទ្ធលើបញ្ហាដែនសមុទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការដែនសមុទ្រ។ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពបន្តគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាអន្តរជាតិ ជាពិសេសអាស៊ាន និងអង្គការសហប្រជាជាតិ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ