នាំទំនាក់ទំនងវៀតណាម-កូរ៉េខាងត្បូងកាន់តែស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាពជាង
(VOVWORLD) - ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េខាងត្បូង នាព្រឹកថ្ងៃទី១៣ ខែធ្នូ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញទទួលជួបសមាជិកសភាលោក Choi Jae-sung អតីតទីប្រឹក្សានយោបាយរបស់លោកប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae-in។
ប្រធានរដ្ឋសភាលោក Vuong Dinh Hue ទទួលជួបសមាជិកនៃគណបក្សប្រជាធិបតេយ្យដែលកំពុងកាន់អំណាច លោក Choi Jae-sung (រូបថត៖ TTXVN) |
នៅក្នុងជំនួបនេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអះអាងថា វៀតណាមស្វាគមន៍ចំពោះការអនុវត្តគោលនយោបាយភាគខាងត្បូងថ្មីរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង ដោយផ្តោតលើកិច្ច សហប្រតិបត្តិការជាមួយវៀត ណាម។ វៀតណាមវាយតំលៃខ្ពស់ចំពោះទំនាក់ទំនងកិច្ច សហប្រតិបត្តិការទ្វេភាគីរវាងវៀត ណាមនិងកូរ៉េខាងត្បូង ហើយមានបំណងចង់ធ្វើឱ្យទំនាក់ទំនងនៃប្រទេសទាំងពីរកាន់តែស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាពជាងទៀត។ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា ជាមួយនឹងតួនាទីរបស់ខ្លួន វៀតណាមបានត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រប្រទេសកូរ៉េខាងត្បូង ក្នុងការជ្រៀតចូលទៅក្នុងទីផ្សារអាស៊ីអាគ្នេយ៍កាន់តែស៊ីជម្រៅ។ លោកប្រធានរដ្ឋសភាសង្ឃឹមថា សមា ជិកសភា Choi Jae-sung នឹងបន្តយកចិត្តទុកដាក់ និងគាំទ្រការជំរុញទំនាក់ទំនងទ្វេភាគីលើវិស័យផ្សេងៗ រួមទាំងវិស័យការពារជាតិ សន្តិសុខ ការវិនិយោគ ពាណិជ្ជកម្ម និងការផ្លាស់ប្តូរប្រជាជន ព្រមទាំងមានបំណងចង់ឪ្យបក្សប្រជាធិបតេយ្យរួមដំណើរជាមួយការខិតខំប្រឹងប្រែងជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាមនិងកូរ៉េខាងត្បូង។
រីឯខ្លួនវិញ សមាជិកសភាលោក Choi Jae-sung បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលកូរ៉េខាងត្បូង តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយវៀតណាម។ កូរ៉េខាងត្បូងវាយតម្លៃខ្ពស់ចំពោះវៀតណាមនិងមានបំណងសហការក្នុងការស្រាវជ្រាវនិងអភិវឌ្ឍន៍ក្នុងវិស័យឧស្សាហកម្មថ្មីជាមួយវៀតណាម៕