នាំទំនាក់ទំនងវៀតណាម-អូទ្រីសឱ្យកាន់តែស៊ីជម្រៅ ជាក់ស្តែង និងប្រសិទ្ធភាព
(VOVWORLD) - នាថ្ងៃទី ២៨ ខែកញ្ញា រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son និងរដ្ឋមន្ត្រីការបរទេសអូទ្រីសលោក Alexander Schallenberg បានអះអាងថា ប្រទេសទាំងពីរយកចិត្តទុកដាក់យ៉ាងខ្លាំង និងប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការដើម្បីនាំទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ប្រកបដោយមានខ្លឹមសារ និងប្រសិទ្ធភាព។
រដ្ឋមន្ត្រីការបរទេស Bui Thanh Son និងរដ្ឋមន្ត្រីការបរទេសអូទ្រីស Alexander Schallenberg។ (រូបថត៖ Hai Dang/VOV Prague) |
តបតាមការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេសអូទ្រីស Alexander Schallenberg រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son បានទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសអូទ្រីស ចាប់ពីថ្ងៃទី ២៨ - ២៩ ខែកញ្ញា។
ក្នុងជំនួបពិភាក្សានាថ្ងៃទី ២៨ ខែកញ្ញា រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son និងរដ្ឋមន្ត្រីការបរទេសអូទ្រីសលោក Alexander Schallenberg បានអះអាងថា ប្រទេសទាំងពីរយកចិត្តទុកដាក់យ៉ាងខ្លាំង និងប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការដើម្បីនាំទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ប្រកបដោយមានខ្លឹមសារ និងប្រសិទ្ធភាព; ឯកភាព បន្តពង្រឹងការផ្លាស់ប្តូរគណៈប្រតិភូ និងទំនាក់ទំនងគ្រប់ជាន់ថ្នាក់ រក្សាយន្តការសហប្រតិបត្តិការ និងកិច្ចសន្ទនាដែលមានស្រាប់ ដូចជាគណៈកម្មាធិការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មវៀតណាម-អូទ្រីស។
(រូបថត៖ Hai Dang/VOV Prague) |
រដ្ឋមន្ត្រី Bui Thanh Son បានស្នើឲ្យរដ្ឋាភិបាលអូទ្រីស គាំទ្រ និងជំរុញរដ្ឋសភាអូទ្រីស អនុម័តលើកិច្ចព្រមព្រៀងការពារការវិនិយោគ EU-វៀតណាម (EVIPA) ឲ្យបានឆាប់ៗ ហើយទន្ទឹមនឹងនោះ គាំទ្រ EU ឆាប់ដកកាតលឿងសម្រាប់ការនាំចេញគ្រឿងសមុទ្រពីវៀតណាម បង្កើតលក្ខខណ្ឌសម្រាប់ការវិនិយោគ និងសកម្មភាពពាណិជ្ជកម្មនៃប្រទេសទាំងពីរ ដោយឈរលើមូលដ្ឋាននៃសមភាព និងផលប្រយោជន៍ទៅវិញទៅមក។
ភាគីទាំងពីរក៏បានពិភាក្សាអំពីការពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យថ្មីៗដូចជា សេដ្ឋកិច្ចបៃតង ថាមពលកកើតឡើងវិញ និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ លោក Schallenberg បានអះអាងថា អូទ្រីសនឹងបន្តជួយឧបត្ថម្ភឥណទានអភិវឌ្ឍន៍សម្រាប់វៀតណាម; ហើយបានបង្ហាញពីការយកចិត្តទុកដាក់ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ ទេសចរណ៍ និងលើកកម្ពស់ការជួបប្រាស្រ័យរវាងប្រជាជននៃប្រទេសទាំងពីរ៕