នាយករដ្ឋមន្ត្រី Pham Minh Chinh បានធ្វើជាអធិបតីនៃកិច្ចប្រជុំលើកទី៩ របស់គណៈកម្មាធិការជាតិស្តីពីបរិវត្តកម្មឌីជីថល
(VOVWORLD) - នារសៀលថ្ងៃទី ១០ ខែកក្កដា នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញជាអធិបតីនៃកិច្ចប្រជុំលើកទី៩ គណៈកម្មាធិការជាតិស្តីពីបរិវត្តកម្មឌីជីថល និងក្រុមការងារអនុវត្តគម្រោងលេខ០៦ របស់រដ្ឋាភិបាល។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងទម្រង់ដោយផ្ទាល់នៅទីស្នាក់ការរដ្ឋាភិបាល ក្នុងទីក្រុងហាណូយ និងតភ្ជាប់តាមអ៊ីនធឺណិតជាមួយក្រសួង ផ្នែក និងខេត្តក្រុងចំនួន ៦៣ ទូទាំងប្រទេស។
ថ្លែងមតិបើកកិច្ចប្រជុំ នាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា បរិវត្តកម្មឌីជីថលបានក្លាយជានិន្នាការជៀសមិនរួច ជាតម្រូវការសត្យានុម័ត និងជាជម្រើសយុទ្ធសាស្ត្ររបស់ប្រទេសជាច្រើន។ នៅវៀតណាម ការជំរុញកំណើន រៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ច ជំរុញកំណើនចាស់ ស្វែងយល់ពីកម្លាំងចលករសម្រាប់កំណើនថ្មី និងផ្នែកកំពុងរីកចម្រើន សុទ្ធតែទាក់ទងយ៉ាងជិតស្និទ្ធទៅនឹងបរិវត្តកម្មឌីជីថល។
ទិដ្ឋភាពទូទៅនៃកិច្ចប្រជុំ។ រូបថត៖ VOV |
យោងតាមលោកនាយករដ្ឋមន្ត្រី គម្រោងស្តីពី "ការអភិវឌ្ឍន៍កម្មវិធីទិន្នន័យប្រជាជន កំណត់អត្តសញ្ញាណ និងការផ្ទៀងផ្ទាត់តាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីបម្រើបរិវត្តកម្មឌីជីថលជាតិដំណាក់កាល ២០២២-២០២៥ ចក្ខុវិស័យដល់ឆ្នាំ ២០៣០" (គម្រោង 06) ត្រូវបានកំណត់ជាភារកិច្ចគន្លឹះ ជា "ចំណុចភ្លឺ" និង "គំរូល្អ" នៃបរិវត្តកម្មឌីជីថលជាតិ។ នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា នាពេលថ្មីៗនេះ រដ្ឋាភិបាលបានដឹកនាំយ៉ាងប្តូរផ្តាច់ និងអនុវត្តដំណោះស្រាយប្រកបដោយសមកាលកម្ម ដើម្បីធ្វើបរិវត្តកម្មឌីជីថលជាតិឱ្យកាន់តែមានប្រសិទ្ធភាពនិងជាក់ស្តែង; ជំរុញបរិវត្តកម្មឌីជីថលនៅក្នុងវិស័យស្ទើតែទាំងអស់; ផ្តោតលើការកសាង សុក្រឹត្យស្ថាប័ននិងយន្តការគោលនយោបាយ ដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍រដ្ឋាភិបាលឌីជីថល សេដ្ឋកិច្ចឌីជីថល សង្គមឌីជីថល និងពលរដ្ឋឌីជីថល។
នាយករដ្ឋមន្ត្រី Pham Minh Chinh ថ្លែងក្នុងកិច្ចប្រជុំ។ រូបថត៖ VOV |
នាយករដ្ឋមន្ត្រីបានស្នើរឲ្យកំណត់យ៉ាងច្បាស់នូវភារកិច្ច និងដំណោះស្រាយស្នូលមានលក្ខណៈទំលុះទំលាយក្នុងប៉ុន្មានខែចុងឆ្នាំ និងឆ្នាំបន្ទាប់ទៀត។ ក្នុងនោះផ្តោតលើការជំរុញខ្លាំងការអភិវឌ្ឃន៍សេដ្ឋកិច្ចឌីជីថល ដើម្បីជំរុញកំណើនសេដ្ឋកិច្ច; ជំរុញការកសាង តភ្ជាប់ រួមបញ្ចូល និងចែករំលែកវេទិកាឌីជីថល និងមូលដ្ឋានទិន្នន័យ; ធានាសន្តិសុខនិងសុវត្ថិភាពលើអ៊ីនធឺណិត; បង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់សេវាសាធារណៈតាមអ៊ីនធឺណិតរបស់ប្រជាជន៕