នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជួបធ្វើការជាមួយគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម
(VOVWORLD) - នារសៀលថ្ងៃទី ២៤ ខែមេសា នៅទីស្នាក់ការរបស់រដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man បានធ្វើជាអធិបតីនៃសន្និសីទដើម្បីវាយតម្លៃពីការអនុវត្តបទបញ្ញត្តិស្តីពីការសម្របសម្រួលរវាងរដ្ឋាភិបាល ជាមួយគណៈកម្មាធិ ការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម។ នេះគឺជាសន្និសីទប្រចាំឆ្នាំមួយ ដែលសំដៅវាយតម្លៃនូវលទ្ធផលនៃការសម្របសម្រួលការងារកាលពីឆ្នាំមុននិងពិភាក្សាអំពីទិសដៅនៃពេលវេលាខាងមុខនេះ។
លោកនាយករដ្ឋមន្ត្រីអញ្ជើញថតរូបជាមួយប្រតិភូ |
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអះអាងយ៉ាងច្បាស់អំពីសមិទ្ធផលសេដ្ឋកិច្ចសង្គមក្នុងរយៈពេលកន្លងមក ដោយមានការចូលរួមយ៉ាងសកម្មរបស់រណសិរ្សមាតុភូមិវៀតណាម។ ការងារសម្របសម្រួលរវាងរណសិរ្សមាតុភូមិនិងរដ្ឋាភិបាលមានប្រសិទ្ធភាពនិងជាក់ស្តែង ដែលរួមចំណែកដល់ការប្រមូលផ្តុំប្រជាជនគ្រប់ស្រទាប់។ ទន្ទឹមជាមួយគ្នានោះ រដ្ឋាភិបាលនិងរណសិរ្សមាតុភូមិបានរួមគ្នាជំរុញរាល់ការចលនា ដែលរួមចំណែក ដោះស្រាយបញ្ហាដែលប្រជាជនមានការយកចិត្តទុកដាក់ផងដែរ។
ទាក់ទងនឹងភារកិច្ចនាពេលខាងមុខ នាយករដ្ឋមន្ត្រីបានស្នើដល់បណ្តាស្ថាប័នទាំងអស់ ត្រូវផ្លាស់ប្តូរថ្មីនូវវិធីសាស្រ្ត ដើម្បីបំរើការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ សំដៅឆ្លើយតបនឹងផលប្រយោជន៍និងសេចក្តីប្រាថ្នារបស់ប្រជាជន។ ហេតុដូច្នេះ ការសម្របសម្រួលរវាងរដ្ឋាភិបាលនិងរណសិរ្សមាតុភូមិ ត្រូវតែមានប្រសិទ្ធភាពនិងជាក់ស្តែងថែមទៀត ដើម្បីបំរើប្រជាជន៕