នាយករដ្ឋមន្ត្រី លោក Pham Minh Chinh៖ ស្រាវជ្រាវកសាងតំបន់សេដ្ឋកិច្ចច្រកទ្វារព្រំដែន Cao Bang
(VOVWORLD) - ក្នុងកម្មវិធីការងារនៅទីក្រុង Cao Bang នារសៀលថ្ងៃទី១ ខែមករា នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញទៅត្រួតពិនិត្យស្ថានភាព បន្ទាប់ពីច្រកទ្វារព្រំដែនអន្តរជាតិ Tra Linh ស្រុក Trung Khanh ខេត្ត Cao Bang ត្រូវបានលើកកម្រិតឲ្យក្លាយទៅជាច្រកទ្វារព្រំដែនអន្តរជាតិ។
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh អញ្ជើញទៅត្រួតពិនិត្យស្ថានភាព បន្ទាប់ពីច្រកទ្វារព្រំដែនអន្តរជាតិ Tra Linh ស្រុក Trung Khanh ខេត្ត Cao Bang ត្រូវបានលើកកម្រិតឲ្យក្លាយទៅជាច្រកទ្វារព្រំដែនអន្តរជាតិ។ (រូបថត៖ VNA) |
ច្រកទ្វារព្រំដែន Tra Linh (ស្រុក Trung Khanh ខេត្ត Cao Bang ប្រទេសវៀតណាម) - Longbang (តំបន់ស្វយ័ត Guangxi Zhuang ប្រទេសចិន) ត្រូវបានរដ្ឋាភិបាលវៀតណាម និងរដ្ឋាភិបាលចិន ឯកភាពគ្នាលើកកម្រិតឲ្យទៅជាច្រកទ្វារព្រំដែនអន្តរជាតិ ហើយទើបតែបានប្រារព្ធពិធីប្រកាសព្រឹត្តិការណ៍នេះ នាថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២៣ ដោយបានរួមចំណែកជាក់ស្តែងក្នុងការកសាងព្រំដែនគោកវៀតណាម-ចិនប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។
ថ្លែងមតិជាមួយកម្មាភិបាលនៃស្រុក Trung Khanh និងយុទ្ធជន កងកម្លាំងនានាដែលកំពុងបំពេញភារកិច្ចនៅច្រកទ្វារព្រំដែន Tra Linh នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានបញ្ជាក់ថា ដំណើរទស្សនកិច្ចទៅកាន់ច្រកទ្វារព្រំដែនលើកនេះគឺសំដៅអនុវត្តន៍កិច្ចព្រមព្រៀងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមនិងចិន ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិននៅចុងឆ្នាំ ២០២២ របស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong និងដំណើរទស្សនកិច្ចមកប្រទេសវៀតណាមនៅចុងឆ្នាំ ២០២៣ របស់អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping។ លោកនាយករដ្ឋមន្ត្រីបានបញ្ជាឲ្យការពារយ៉ាងរឹងមាំនូវឯករាជ្យ អធិបតេយ្យភាព បូរណភាពដែនដី កសាងព្រំដែនដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ ក្រៅពីនោះ ត្រូវអភិវឌ្ឍន៍សេដ្ឋកិច្ចរួមទាំងសេដ្ឋកិច្ចច្រកទ្វារព្រំដែន និងសេដ្ឋកិច្ចពាណិជ្ជកម្មតាមព្រំដែនស្របតាមច្បាប់វៀតណាម និងទម្លាប់អន្តរជាតិ។ លោកនាយករដ្ឋមន្ត្រីបានបញ្ជាឱ្យខេត្ត Cao Bang សម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីស្រាវជ្រាវ និងកសាងតំបន់សេដ្ឋកិច្ចច្រកទ្វារព្រំដែនខេត្ត Cao Bang៕