នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញចូលរួមពិធីសម្ពោធសំណង់នានានៃគម្រោងគីមីឥន្ធនៈភាគខាងត្បូង
(VOVWORLD) - ក្នុងដំណើរទស្សនកិច្ចការងារនៅខេត្ត Ba Ria-Vung Tau នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញចូលរួមពិធីសម្ពោធបណ្ដុំកំពង់ផែ - អាងឯកទេស និងរោងចក្រកណ្ដាលនៃគម្រោងគីមីឥន្ធនៈភាគខាងត្បូង (LSP) ដែលមានទុនវិនិយោគសរុបជាង ៥ ពាន់លានដុល្លារអាមេរិក។
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ថ្លែងនៅពិធីសម្ពោធ។ (រូបថត៖ TTXVN) |
គម្រោងនេះត្រូវបានចាប់ផ្តើមសាងសង់កាលពីខែកុម្ភៈ ឆ្នាំ ២០១៨ ស្ថិតនៅក្នុងមណ្ឌលឧស្សាហកម្មប្រេងឧស្ម័ន Long Son (ទីក្រុង Vung Tau) ដែលទទួលបានការវិនិយោគពីសម្ព័ន្ធក្រុមហ៊ុន SCG (ប្រទេសថៃ)។
នេះគឺជាបណ្ដុំគម្រោងគីមីឥន្ធនៈដ៏ពេញលេញដំបូងគេនៅវៀតណាម។ នៅពេលដាក់ឲ្យដំណើរការ គម្រោងនឹងជួយជំនួស និងកាត់បន្ថយជាបណ្ដើរៗនូវការនាំចូលផលិតផលគីមីឥន្ធនៈ ផ្គត់ផ្គង់ប្រភពវត្ថុធាតុដើម និងឥន្ធនៈដ៏សំខាន់សម្រាប់ឧស្សាហកម្មផលិតកម្មក្នុងស្រុក។ ទន្ទឹមនឹងនោះ បង្កើតឱកាសនាំចេញផលិតផលគីមីឥន្ធនៈ បង្កើតមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់គម្រោងវិនិយោគនាពេលអនាគផងដែរ។
អញ្ជើញថ្លែងនៅទីនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា បណ្ដុំគម្រោងគីមីឥន្ធនៈនេះ ដើរតួនាទីយ៉ាងសំខាន់ រួមជាមួយនឹងរោងចក្រចម្រាញ់ប្រេងនិងគីមីឥន្ធនៈ Nghi Son នៅភាគខាងជើង និងរោងចក្រចម្រាញ់ប្រេងនិងគីមីឥន្ធនៈ Binh Son នៅតំបន់ភាគកណ្តាល។ ដូច្នេះ វៀតណាមនឹងមានរោងចក្រចម្រាញ់ប្រេង គីមីឥន្ធនៈនៅទាំអតំបន់ខាងជើង-កណ្តាល-ខាងត្បូង ធានាការផ្គត់ផ្គង់ប្រេងឥន្ធនៈសម្រាប់ប្រទេសទាំងមូល។ លោកនាយករដ្ឋមន្ត្រីបានលើកច្បាស់ថា នាពេលខាងមុខ វិនិយោគិន និងភ្នាក់ងារពាក់ព័ន្ធត្រូវកសាងផែនទីបង្ហាញផ្លូវជាក់លាក់ ដើម្បីសម្រេចសំណង់សមាសភាគនៅសេសសល់នៃគម្រោងនេះ។
ក្នុងឱកាសនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានទទួលជួបលោក Roongrote Rangsiyopash ប្រធាននិងជាអគ្គនាយកសម្ព័ន្ធក្រុមហ៊ុន SCG ដែលជាវិនិយោគិននៃបណ្ដុំគម្រោងគីមីឥន្ធនៈភាគខាងត្បូង។ រាយការណ៍ជូនលោកនាយករដ្ឋមន្ត្រី លោក Roongrote Rangsiyopash បានឲ្យដឹងថា គម្រោងនេះនឹងត្រូវបានដាក់ឲ្យដំណើរការនៅពាក់កណ្តាលឆ្នាំ ២០២៣៕