នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញចូលរួមវេទិកាធុរកិច្ចវៀតណាម-អូស្ត្រាលី
(VOVWORLD) - នាព្រឹកថ្ងៃទី ៥ មីនា នៅទីក្រុង Melbourne រដ្ឋ Victoria ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំកំពូលពិសេស រំលឹកខួបលើកទី ៥០ នៃទំនាក់ទំនងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) - អូស្ត្រាលី បំពេញទស្សនកិច្ចផ្លូវការនៅប្រទេសអូស្ត្រាលី និងបំពេញទស្សនកិច្ចផ្លូវការនៅ New Zealand នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញចូលរួមវេទិកាធុរកិច្ចវៀតណាម - អូស្ត្រាលី។
ថ្លែងមតិនៅវេទិកានេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានចាត់ទុកថា ក្នុងដំណើរបំពេញទស្សនកិច្ចនៅអូស្ត្រាលី ភាគីទាំងពីររំពឹងថា នឹងប្រកាសពីការលើកកម្ពស់ ទំនាក់ទំនងទ្វេភាគី ដែលក្នុងនោះភាគីទាំងពីរនឹងមានភាពជឿជាក់ខាងនយោបាយ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងការវិនិយោគកាន់តែខ្ពស់ថែមទៀត។
នាយករដ្ឋមន្ត្រី Pham Minh Chinh ថ្លែងក្នុងវេទិកាធុរកិច្ចវៀតណាម-អូស្ត្រាលី។ រូបថត៖ VOV |
លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគគឺជាសសរស្តម្ភសំខាន់ក្នុងទំនាក់ទំនងទ្វេភាគី; មានបំណងចង់ឲ្យសមាគម សហគមន៍ធុរកិច្ច និងអ្នកវិនិយោគនៃប្រទេសទាំងពីរនឹងជំរុញកិច្ចសហប្រតិបត្តិការឲ្យបានខ្លាំងក្លាថែមទៀត។ រដ្ឋាភិបាលវៀតណាមនឹងការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់អាជីវកម្ម និងអ្នកវិនិយោគ។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យភាគីទាំងពីរជំរុញកំណើនប្រពៃណីដូចជា ការវិនិយោគ ការនាំចេញ; លើកកម្ពស់កម្លាំងជំរុញថ្មីដូចជា៖ ការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង សេដ្ឋកិច្ចវិលជុំ សេដ្ឋកិច្ចចំណេះដឹង សេដ្ឋកិច្ចចែករំលែក ដោយផ្អែកលើការច្នៃប្រឌិត និងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ លោកនាយករដ្ឋមន្ត្រីក៏សង្ឃឹមថា អូស្ត្រាលីនឹងបន្តបង្កលក្ខណៈងាយស្រួលសម្រាប់ប្រជាជនវៀតណាមក្នុងការរស់នៅ ពលករវៀតណាមទៅធ្វើការ និងនិស្សិតវៀតណាមមកសិក្សានៅប្រទេសម្ចាស់ផ្ទះ។
ក្នុងឱកាសនេះ អនុស្សរណៈយោគយល់ និងកិច្ចព្រមព្រៀងសហប្រតិបត្តិការវិនិយោគជាច្រើនរវាងធុរកិច្ចនៃប្រទេសទាំងពីរត្រូវបានចុះហត្ថលេខា ដែលក្នុងនោះក្រុមហ៊ុនអាកាសចរណ៍ Vietjet បានប្រកាសផ្លូវហោះហើរថ្មីតភ្ជាប់ទីក្រុង Melbourne ប្រទេសអូស្ត្រាលីជាមួយរដ្ឋធានីហាណូយ ប្រទេសវៀតណាម។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh កាត់ខ្សែបូសម្ពោធវិទ្យាស្ថានគោលនយោបាយអូស្ត្រាលី-វៀតណាម នៅសាកលវិទ្យាល័យ RMIT នៅទីក្រុង Melbourne រដ្ឋ Victoria។ រូបថត៖ VOV |
នាព្រឹកមិញនេះដែរ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញចូលរួម និងកាត់ខ្សែបូសម្ពោធវិទ្យាស្ថានគោលនយោបាយអូស្ត្រាលី-វៀតណាម នៅសាកលវិទ្យាល័យ RMIT មានទីតាំងនៅទីក្រុង Melbourne រដ្ឋ Victoria។ វិទ្យាស្ថានគោលនយោបាយអូស្ត្រាលី-វៀតណាមត្រូវបានបង្កើតឡើងដើម្បីស្រាវជ្រាវនិងស្វែងយល់ឱ្យកាន់តែច្បាស់អំពីទំនាក់ទំនងយុទ្ធសាស្ត្ររវាងអូស្ត្រាលី និងវៀតណាម; រួមចំណែកដល់ការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃ “យុទ្ធសាស្ត្រសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍ដល់ឆ្នាំ ២០៤០” របស់អូស្ត្រាលី។ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ជឿជាក់ថា វិទ្យាស្ថានគោលនយោបាយអូស្ត្រាលី-វៀតណាមនឹងចូលរួមផ្តល់ការណែនាំអំពីគោលនយោបាយដល់រដ្ឋាភិបាលនៃប្រទេសទាំងពីរ ដើម្បីលើកកម្ពស់គុណភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅប្រកបដោយប្រសិទ្ធភាពលើគ្រប់វិស័យ ដើម្បីអភិវឌ្ឍន៍ប្រទេសនីមួយៗ។
បន្ទាប់មក លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៣០ នៃជើងហោះហើរត្រង់រវាងវៀតណាម និងអូស្ត្រាលី៕