នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញជួបពិភាក្សាជាមួយប្រធានរដ្ឋសភាប៊ុលហ្គារី
(VOVWORLD) - នាថ្ងៃទី ៨ មករា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញជួបសន្ទនាជាមួយប្រធានរដ្ឋសភាប៊ុលហ្គារី លោក Rossen Dimitrov Jeliazkov ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម តបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue។
ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអះអាងថា ប៊ុលហ្គារី គឺជាដៃគូសំខាន់មួយរបស់វៀតណាមនៅតំបន់អឺរ៉ុបខាងកើត។ វៀតណាមត្រៀមខ្លួនជាច្រកចេញចូល និងជាស្ពានសម្រាប់ប៊ុលហ្គារីមានកិច្ចសហប្រតិបត្តិការស៊ីជម្រៅជាមួយអាស៊ាន។
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងប្រធានរដ្ឋសភានៃសាធារណរដ្ឋប៊ុលហ្គារី លោក Rossen Dimitrov Jeliazkov (រូបថត៖ quochoi.vn) |
ក្នុងឱកាសនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានស្នើភាគីទាំងពីរជំរុញទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន ៥០០ លានដុល្លារអាមេរិក/ឆ្នាំ; ស្នើឱ្យរដ្ឋាភិបាលទាំងពីរចុះហត្ថលេខាយ៉ាងឆាប់ៗ លើកិច្ចព្រមព្រៀងកម្រិតរដ្ឋាភិបាលដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អាជីវកម្មក្នុងការអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការការងារនៅក្នុងប្រទេសប៊ុលហ្គារី ជាពិសេសក្នុងវិស័យថែទាំសុខភាព សំណង់កាត់ដេរ និងកសិកម្ម...។
រីឯខ្លួនវិញ ប្រធានរដ្ឋសភាប៊ុលហ្គារី ចង់ឱ្យភាគីទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគ ជាពិសេសលើវិស័យដែលភាគីទាំងពីរមានសក្ដានុពល និងផលិតផលមានតម្លៃបន្ថែមខ្ពស់ ដូចជា៖ កសិកម្ម បច្ចេកវិទ្យាខ្ពស់ ឱសថ បច្ចេកវិទ្យាព័ត៌មាន ទេសចរណ៍ វប្បធម៌ ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ អាកាសចរណ៍ កិច្ចសហប្រតិបត្តិការក្នុងមូលដ្ឋានជាដើម៕