នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញជួបសន្ទនាជាមួយលោកប្រធានាធិបតី Joseph Biden
(VOVWORLD) - នាយប់ថ្ងៃទី ១២ ឧសភា (ម៉ោងនៅអាមេរិក) ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិកនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋ អាមេរិក នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញជួបសន្ទនាជាមួយប្រធានាធិបតីអាមេរិកលោក Joe Biden នៅសេតវិមាន។ ថ្នាក់ដឹកនាំទាំងពីររូបបានពិភាក្សាអំពីទំនាក់ទំនងទ្វេភាគីរវាងវៀតណាមនិងសហរដ្ឋអាមេ រិក រួមទាំងបញ្ហាតំបន់ និងអន្តរជាតិ។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងប្រធានាធិបតីអាមេរិក លោក Joe Biden (រូបថត៖ VOV) |
នាយប់ថ្ងៃទី ១២ ឧសភា (ម៉ោងនៅអាមេរិក) ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋ អាមេរិកនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញជួបសន្ទនាជាមួយប្រធានាធិបតីអាមេរិកលោក Joe Biden នៅសេតវិមាន។ ថ្នាក់ដឹកនាំទាំងពីររូបបានពិភាក្សាអំពីទំនាក់ទំនងទ្វេភាគីរវាងវៀតណាមនិងសហរដ្ឋអាមេរិក រួមទាំងបញ្ហាតំបន់ និងអន្តរជាតិ។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានវាយតម្លៃថា ទំនាក់ទំនងវៀតណាម-អាមេរិក គឺជាទំនាក់ទំនងពិសេស។ ប្រទេសទាំងពីរបានជម្នះពីអតីតកាលដ៏ឈឺចាប់នៃសង្គ្រាម រួបរួមសហការគ្នា និងជំរុញភាពជាដៃគូគ្រប់ជ្រុងជ្រោយឱ្យកាន់តែរីកចម្រើនកាន់តែខ្លាំងក្លាប្រកបដោយប្រសិទ្ធភាពលើគ្រប់វិស័យ។ វៀតណាមសង្ឃឹមថា អាមេរិកនឹងបន្តគាំទ្រ ផ្តល់ជំនួយ និងសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យដែលអាមេរិកមានប្រៀបខ្លាំង ហើយវៀតណាមមានសក្ដានុពល។ ជាពិសេស ពង្រឹងកិច្ចសហប្រតិបត្តិការ និងគាំទ្រវៀតណាមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំការធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់ ការផ្លាស់ប្តូរថាមពលប្រកបដោយនិរន្តរភាព។លោកប្រធានាធិបតី Joe Biden បានចែករំលែកថា រូបលោកផ្ទាល់តែងតែមានសេចក្តីស្រឡាញ់ចំពោះប្រទេសនិងប្រជាជនវៀតណាម។ លោកប្រធានាធិបតី Joe Biden បាននិយាយថា សហរដ្ឋអាមេរិក ក្នុងនាមជាប្រទេសអភិវឌ្ឍន៍ឈានមុខគេ មានបំណងចង់សហការ និងជួយដល់ប្រទេសកំពុងអភិវឌ្ឍន៍ លើវិស័យជាច្រើន រួមទាំងការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម ការការពារជំងឺ និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។
ពិភាក្សាអំពីបញ្ហាក្នុងតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់គ្នាទៅវិញទៅមក ប្រធានាធិបតីលោក Joe Biden បានឯកភាពជាមួយនាយករដ្ឋមន្ត្រី Pham Minh Chinh អំពីការគោរពឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី និងស្ថាប័ននយោបាយក្នុងចំណោមរដ្ឋនានា ដោយមិនប្រើប្រាស់កម្លាំង ដោះស្រាយជម្លោះ ដោយសន្តិវិធីដោយឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ និងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ; ធានានូវសេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍ ស្របតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)។
មុននោះ នៅសេតវិមាន នាយករដ្ឋមន្ត្រី Pham Minh Chinh និងថ្នាក់ដឹកនាំប្រទេសអាស៊ានបានចូលរួមពិធីទទួលបដិសណ្ឋារកិច្ចក្រោមអធិបតីភាពប្រធានាធិបតីអាមេរិកលោក Joe Biden។ កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិកបានប្រព្រឹត្តទៅនៅថ្ងៃទី ១៣ ឧសភា (ម៉ោងនៅសហរដ្ឋអាមេរិក) ជាមួយនឹងកិច្ចប្រជុំការងាររវាងប្រធានាធិបតីលោក Biden អនុប្រធានាធិបតីលោកស្រី Haris និងថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ាន៕