នាយក​រដ្ឋមន្ត្រី​ជប៉ុន​បាន​បញ្ជា​ឱ្យ​ពន្លឿន​ការងារ​ជួយ​សង្គ្រោះ​បន្ថែម​ទៀត​ក្រោយ​ការ​រញ្ជួយ​ដី

(VOVWORLD) - ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីស្នាក់ការកណ្តាលឆ្លើយតបគ្រោះមហន្តរាយនាថ្ងៃទី ៣ ខែមករា នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida បានបញ្ជាឱ្យបណ្តាអង្គភាពប្រមូលផ្តុំធនធានទាំងអស់ និងបង្កើនល្បឿនការងារជួយសង្គ្រោះបន្ថែមទៀតបន្ទាប់ពីការរញ្ជួយដីដ៏ធ្ងន់ធ្ងរនៅក្នុងខេត្ត Ishikawa កាលពីថ្ងៃទី ១ ខែមករា។

ជាមួយនឹងអាទិភាពខ្ពស់បំផុតគឺការការពារអាយុជីវិតរបស់ប្រជាជន រដ្ឋាភិបាលជប៉ុនបានសម្រេចចិត្ត បង្កើនបុគ្គលិករបស់កងកម្លាំងស្វ័យការពារចំនួនទ្វេដងពី ១.០០០ ទៅ ២.០០០ ដើម្បីពន្លឿនដំណើរការជួយសង្គ្រោះបន្ថែមទៀត។

នាយក​រដ្ឋមន្ត្រី​ជប៉ុន​បាន​បញ្ជា​ឱ្យ​ពន្លឿន​ការងារ​ជួយ​សង្គ្រោះ​បន្ថែម​ទៀត​ក្រោយ​ការ​រញ្ជួយ​ដី - ảnh 1ផ្លូវថ្នល់រងការបំផ្លិចបំផ្លាញបន្ទាប់ពីការរញ្ជួយដីនៅក្នុងទីក្រុង Anamizu ខេត្ត Ishikawa ប្រទេសជប៉ុន កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៤។ រូបថត៖ Kyodo/TTXVN

សម្រាប់គ្រួសារដែលត្រូវការជម្លៀសទៅកាន់កន្លែងប្រមូលផ្តុំ ប្រមុខរដ្ឋាភិបាលជប៉ុនក៏បានណែនាំដល់អាជ្ញាធរតំបន់ឱ្យខិតខំប្រឹងប្រែងដើម្បីផ្តល់ទំនិញប្រើប្រាស់ចាំបាច់ និងស្ដារឡើងវិញជាបណ្តើរៗនូវហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ជាពិសេសការដឹកជញ្ជូន។

គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី៣ ខែមករា ក្រសួងការពារជាតិជប៉ុនបានប្រកាសផែនការបញ្ជូនយន្តហោះចំនួន២២គ្រឿងបន្ថែមទៀត និងនាវាចំនួន៨គ្រឿងទៅកាន់តំបន់កើតរញ្ជួយដី ដើម្បីវាយតម្លៃការខូចខាត និងជំរុញការងារជួយសង្គ្រោះ។

គិតត្រឹមព្រឹកនេះ កងកម្លាំងស្វ័យការពារដែនអាកាស បានសម្របសម្រួលជាមួយកម្លាំងជួយសង្គ្រោះនៅនឹងកន្លែង ដើម្បីជួយសង្គ្រោះជនរងគ្រោះដែលជាប់គាំងចំនួន ៥០នាក់។ ទន្ទឹមនឹងនោះ ចំនួនជនរងគ្រោះដែលស្លាប់បានកើនឡើងដល់ ៦៤នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ