នាយករដ្ឋមន្ត្រីជប៉ុនអះអាងពីតួនាទីយ៉ាងសំខាន់របស់ទ្វីបអាស៊ី ក្នុងអនាគតនៃតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងពិភពលោក
(VOVWORLD) - នាយប់ថ្ងៃទី ២៦ ខែឧសភា ក្នុងសុន្ទរកថារបស់ខ្លួននៅឯពិធីជប់លៀងទទួលស្វាគមន៍ប្រធានគណៈប្រតិភូ ដែលចូលរួមសន្និសីទអន្តរជាតិ ស្តីពីអនាគតនៃទ្វីបអាស៊ីលើកទី ២៧ នាយករដ្ឋមន្ត្រីជប៉ុន លោក Kishida Fumio បានអះអាងថា អាស៊ីនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពមិនត្រឹមតែក្នុងតំបន់ប៉ុណ្ណោះទេ ថែមទាំងនៅទូទាំងពិភពលោកទៀតផង។
នាយករដ្ឋមន្ត្រីជប៉ុន លោក Kishida Fumio។ (រូបថត៖ Kyodo/TTXVN) |
ដោយប្រមើលពីអនាគតរបស់ទ្វីបអាស៊ី នាយករដ្ឋមន្ត្រីលោក Kishida បានចាត់ទុកថា ទ្វីបអាស៊ីបច្ចុប្បន្នមិនត្រឹមតែស្ថិតក្នុងវិសាលភាពនៃទ្វីបអាស៊ីប៉ុណ្ណោះទេ ប៉ុន្តែត្រូវបានរំពឹងថានឹងនាំមកនូវសន្តិភាព និងវិបុលភាពប្រកបដោយចីរភាពសម្រាប់ពិភពលោកទាំងមូលទៀតផង។ ចក្ខុវិស័យរបស់ទ្វីបអាស៊ីត្រូវបានដាក់នៅក្នុងក្របខ័ណ្ឌនៃតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកទាំងមូលនៅសម័យកាលក្រោយសង្គ្រាមត្រជាក់ និងក្រោយជំងឺកូវីដ-១៩ ដែលជាតំបន់សេរីនិងបើកចំហមួយ ជាតំបន់នៃការអភិវឌ្ឍប្រកបដោយនិរន្តរភាពនិងរឹងមាំ ហើយជាតំបន់ដែលរួមចំណែកដោះស្រាយបញ្ហាជាសកលផងដែរ។ ក្នុងនោះទំនាក់ទំនងរវាងជប៉ុននិងអាស៊ានពិតជាមានតួនាទីយ៉ាងសំខាន់ណាស់។
នៅឆ្នាំខាងមុខ ជប៉ុននឹងផ្តោតសំខាន់លើសកម្មភាពចំនួនបួន រួមមានការកសាងសណ្តាប់ធ្នាប់អន្តរជាតិប្រកបដោយសេរីនិងបើកចំហ; កិច្ចសហប្រតិបត្តិការដើម្បីរក្សាសណ្តាប់ធ្នាប់ដោយសន្តិវិធី; ការស្តារឡើងវិញការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន; និងការពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីរួមគ្នាជំនះពុះពាររាល់បញ្ហាប្រឈម។ នៅចុងបំផុត លោកនាយករដ្ឋមន្ត្រី Kishida បានអះអាងថា ជប៉ុនមានបំណងចង់ក្លាយជាអ្នកជិតខាងល្អ ជាដៃគូល្អ និងរួមដៃគ្នាជាមួយប្រទេសដទៃទៀត ដើម្បីបើកទូលាយអនាគតដ៏ល្អប្រសើរសម្រាប់ទ្វីបអាស៊ី៕