នាយករដ្ឋមន្ត្រីនៃប្រទេសលុចសំបួ មកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាម

(VOVWORLD) - នាព្រឹកថ្ងៃទី៣ ឧសភា នាយករដ្ឋមន្រ្តី Xavier Bettel និងគណៈប្រតិភូជាន់ខ្ពស់លុចសំបួបានមកដល់អាកាសយានដ្ឋាន Noi Bai (ហាណូយ) ដោយចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ឧសភា តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រី Pham Minh Chinh។
នាយករដ្ឋមន្ត្រីនៃប្រទេសលុចសំបួ មកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាម - ảnh 1រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Nguyen Hong Dien ទទួលស្វាគមន៍នាយករដ្ឋមន្ត្រីលុចសំបួរ Xavier Bettel នៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai ទីក្រុងហាណូយ (រូបថត៖ Minh Duc/TTXVN)

ពេលចុះពីអាកាសយានដ្ឋានភ្លាម នាយករដ្ឋមន្ត្រីលុចសំបួបានទៅខេត្ត Quang Ninh និងទីក្រុង Hai Phong ជាមួយនឹងសកម្មភាពឯកជនមួយចំនួន។ នៅថ្ងៃស្អែក (ទី៤ ឧសភា) នាយករដ្ឋមន្ត្រីលុចសំបួ លោក Xavier Bettel នឹងចូលរួមពិធីទទួលស្វាគមន៍ជាផ្លូវការក្រោមអធិបតីភាពរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងជួបពិភាក្សាជាមួយសមភាគីវៀតណាម។ នាយករដ្ឋមន្ត្រីទាំងពីររូបនឹងធ្វើជាសាក្សីក្នុងការចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការមួយចំនួនរបស់ក្រសួង និងសាខានៃប្រទេសទាំងពីរ; ជួបជាមួយសារព័ត៌មាន ដើម្បីប្រកាសលទ្ធផលនៃកិច្ចចរចា។

ជាពិសេសក្នុងដំណើរទស្សនកិច្ចនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងនាយករដ្ឋមន្ត្រី លោក Xavier Bettel នឹងទៅទស្សនាមណ្ឌលអក្សរសាស្ត្រ Van Mieu-Quoc Tu Giam និងសារមន្ទីរវិចិត្រសិល្បៈវៀតណាមនៅទីក្រុងហាណូយ។ លោក Xavier Bettel ក៏នឹងជួបពិភាក្សាជាមួយប្រធានរដ្ឋសភា លោក Vuong Dinh Hue; មានសកម្មភាពមួយចំនួននៅទីក្រុងហូជីមិញ ដូចជា៖ ចូលរួមវេទិកាធុរកិច្ចនៃប្រទេសទាំងពីរ ធ្វើការជាមួយថ្នាក់ដឹកនាំទីក្រុងហូជីមិញ ...។

នេះជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងនៅក្រៅទ្វីបអឺរ៉ុបរបស់លោកនាយករដ្ឋមន្រ្តីលុចសំបួក្នុងឆ្នាំនេះ ហើយក៏ជាដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសវៀតណាមរបស់នាយករដ្ឋមន្ត្រីលុចសំបួក្នុងរយៈពេលជាង២០ឆ្នាំ និងជាសកម្មភាពការទូតកម្រិតខ្ពស់លើកដំបូងក្នុងឱកាស ខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងលុចសំបួ (១៩៧៣ - ២០២៣)។

បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទៅកាន់ប្រទេសលុចសំបួ កាលពីខែធ្នូឆ្នាំមុន ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមនេះ របស់នាយករដ្ឋមន្ត្រីលុចសំបួរ Xavier Bettel គឺជាឱកាសសម្រាប់ភាគីទាំងពីរអះអាងជាថ្មីម្តងទៀតនូវការគោរពគ្នាទៅវិញទៅមក និងការប្តេជ្ញានាំទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងលុចសំបួ ឡើងដល់កម្ពស់ថ្មី កាន់តែស៊ីជម្រៅ និងកាន់តែមានប្រសិទ្ធភាព។

អមដំណើរនាយករដ្ឋមន្ត្រីលុចសំបួ មកបំពេញទស្សនកិច្ចនៅវៀតណាមលើកនេះ មានសហគ្រាសឈានមុខចំនួន៣០ លើវិស័យហិរញ្ញវត្ថុ ធនាគារ ភស្តុភារ ការបំប្លែងថាមពលជាដើម ដើម្បីស្វែងរកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការវិនិយោគ និងធុរកិច្ចនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ