នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមប្រកបដោយផ្លែផ្កា

(VOVWORLD) - នារសៀលថ្ងៃទី ១២ ធ្នូ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត  បានចាកចេញពីទីក្រុងហាណូយ បញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការ នៅ វៀតណាម  ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែធ្នូ តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រី លោក Pham Minh Chinh។ 
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមប្រកបដោយផ្លែផ្កា - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត (រូបថត៖ VOV)

ក្នុងដំណើរទស្សនកិច្ចនេះ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច ហ៊ុន ម៉ាណែត បានអញ្ជើញដាក់កម្រងផ្កា និងចូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ; ដាក់កម្រងផ្កានៅកន្លែងរំលឹកវិញ្ញាណក្ខន្ធយុទ្ធជនពលី និងវីរជននៅផ្លូវ Bac Son (នៃរដ្ឋធានីហាណូយ)។

ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចហ៊ុន ម៉ាណែត បានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយអគ្គលេខាគណៈកម្មា ធិការ មជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong, ប្រធានរដ្ឋ លោក Vo Van Thuong; អញ្ជើញចូលរួមពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ និងជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រី លោកPham Minh Chinh; អញ្ជើញជួបជាមួយប្រធានរដ្ឋសភា លោក Vuong Dinh Hue។ នៅក្នុងបណ្តាជំនួបនេះ   ថ្នាក់ដឹកនាំវៀតណាមបានសង្កត់ធ្ងន់លើគោលនយោបាយខ្ជាប់ខ្ជូនរបស់វៀតណាម ដែលតែងតែគោរព និងផ្តល់អាទិភាពខ្ពស់ ចំពោះទំនាក់ទំនង “អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និរន្តរភាពយូរអង្វែង” វៀតណាម - កម្ពុជា; ក៏ដូចជា ជានិច្ចកាលគោរពនូវប្រពៃណីនៃចំណងសាមគ្គីភាពជិតស្និទ្ធ ការចែករំលែក និងការគាំទ្រគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរក្នុងការតស៊ូដណ្តើមឯករាជ្យជាតិនាពេលអតីតកាល ក៏ដូចជាក្នុងបុព្វហេតុកសាង និងអភិវឌ្ឍន៍ជាតិនាពេលបច្ចុប្បន្ន។ រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីកម្ពុជាសម្តេច ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្ពុជានឹងរួមសហការជាមួយវៀតណាម ដើម្បីការពារ ថែរក្សា និងពូនជ្រុំទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យបន្តអភិវឌ្ឍន៍ឡើងដល់កម្រិតថ្មី និងមរតកទៅមនុស្សជំនាន់ក្រោយ។ ភាគីទាំងពីរបានឯកភាពគ្នាខិតខំសម្រេចបាននូវសមិទ្ធិផលពាណិជ្ជកម្មទ្វេភាគីចំនួន ២០ ពាន់លានដុល្លារអាមេរិកនាពេលខាងមុខ។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងនាយករដ្ឋមន្ត្រី សម្តេច ហ៊ុន ម៉ាណែត បានចូលរួមវេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគវៀតណាម-កម្ពុជា; ជួបសំណេះសំណាលជាមួយនិស្សិតនៃសកលវិទ្យាល័យពាណិជ្ជកម្មបរទេសនៅទីក្រុងហាណូយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ