នាយករដ្ឋមន្ត្រីលោក Pham Minh Chinh៖ Thai Binh ត្រូវពង្រីកលំហអភិវឌ្ឍន៍ដោយឆ្ពោះទៅសមុទ្រនិងធ្វើអាជីវកម្មលំហសមុទ្រ
(VOVWORLD) - នាព្រឹកថ្ងៃទី ៨ ឧសភា នៅខេត្ត Thai Binh នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញចុះពិនិត្យនិងវាយតម្លៃលើស្ថានភាពនៃការវិនិយោគ សាងសង់ និងប្រតិបត្តិការរបស់តំបន់សេដ្ឋកិច្ច Thai Binh។
លោកនាយករដ្ឋមន្ត្រីនិងគណៈប្រតិភូបានអញ្ជើញចុះពិនិត្យនិងវាយតម្លៃលើស្ថានភាពវិនិយោគ ការសាងសង់ និងប្រតិបត្តិការរបស់តំបន់សេដ្ឋកិច្ច Thai Binh (រូបថត៖ VOV) |
តំបន់សេដ្ឋកិច្ច Thai Binh គ្របដណ្តប់លើផ្ទៃដីជាង ៣០.០០០ ហិចតា ដែលត្រូវបានសាងសង់ឡើងតាមគំរូនៃតំបន់សេដ្ឋកិច្ចពហុវិស័យ ថាមវន្ត ប្រសិទ្ធភាពនិងនិរន្តរភាព ដែលផ្សារភ្ជាប់ជាមួយនឹងកំណើនបៃតង ការអភិរក្ស និងការលើកកម្ពស់តម្លៃនៃប្រព័ន្ធអេកូឡូស៊ីសមុទ្រ បេតិកភ័ណ្ឌប្រវត្តិសាស្ត្រនិងវប្បធម៌។ នៅទីនេះ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា មជ្ឈិមមានការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍរបស់តំបន់សេដ្ឋកិច្ច Thai Binh; បញ្ជាក់យ៉ាងច្បាស់ថា ការកសាងតំបន់សេដ្ឋកិច្ច Thai Binh គឺស្របតាមគោលការណ៍ណែនាំនិងសេចក្តីសម្រេចចិត្តរបស់បក្សនិងស្របតាមស្ថានភាព និងលក្ខខណ្ឌរបស់ខេត្ត Thai Binh។ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានស្នើថា ខេត្ត Thai Binh ត្រូវពង្រីកលំហអភិវឌ្ឍន៍ដោយឆ្ពោះទៅសមុទ្រ ធ្វើអាជីវកម្មលំហសមុទ្រ។
នាព្រឹកថ្ងៃដដែល លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញទៅទស្សនានិងធ្វើការនៅទីតាំងគម្រោងថាមពលកំដៅ Thai Binh ២ នៅស្រុក Thai Thuy។ ថ្លែងទៅកាន់កម្មាភិបាលនិងកម្មករនៅទីនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានមានប្រសាសន៍ថា គម្រោងរោងចក្រថាមពលកំដៅ Thai Binh ២ ដែលមានសមត្ថភាព ១.២០០មេហ្គាវ៉ាត់ គឺជាគម្រោងមួយក្នុងចំណោមគម្រោងសំខាន់ៗរបស់វិស័យថាមពលអគ្គិសនី ដោយសម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័ន្ធវៀតណាម (PVN) ក្នុងនាមជាអ្នកវិនិយោគ បានចាប់ផ្តើមសាងសង់នៅដើមឆ្នាំ ២០១១។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជឿជាក់ថា ដល់ដំណាច់ឆ្នាំ ២០២២ ចរន្តអគ្គិសនីពាណិជ្ជកម្មដំបូងនៃគម្រោងរោងចក្រថាមពលកំដៅ Thai Binh ២ នឹងតភ្ជាប់ទៅជាមួយបណ្តាញអគ្គិសនីជាតិ រួមចំណែកធានាសន្តិសុខថាមពលរបស់ប្រទេសជាតិ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិនិយាយរួមនិងខេត្ត Thai Binh និយាយដយឡែក។
នាព្រឹកថ្ងៃទី ៨ ឧសភានេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់ផ្លូវក្រវ៉ាត់ក្រុងភាគខាងត្បូងនៃទីក្រុង Thai Binh។ មុននោះ នាព្រឹកថ្ងៃទី ៨ ឧសភា នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញចូលរួមពិធីសម្ពោធ អុជធូប និងដាំដើមឈើនៅមណ្ឌលរំលឹកវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ នៅឃុំ Nam Cuong ស្រុក Tien Hai៕