នាយករដ្ឋមន្ត្រីលោក Pham Minh Chinh៖ ជោគជ័យរបស់អាណិកជនវៀតណាមនៅឯបរទេសក៏ជាជោគជ័យរបស់ប្រទេសជាតិផងដែរ
(VOVWORLD) - នារសៀលថ្ងៃទី ៣០ មិថុនា នៅទីក្រុងសេអ៊ូល ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េ ខាងត្បូង(ចាប់ពីថ្ងៃ ៣០ មិថុនា ដល់ថ្ងៃទី ៣ កក្កដា) នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងលោកជំទាវបានអញ្ជើញជួបសំណេះសំណាលជាមួយកម្មាភិបាល បុគ្គលិកនៃស្ថានទូត និងសហគមន៍ជនវៀតណាមនៅកូរ៉េខាងត្បូង។
ក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូង លោក Vu Ho បានជម្រាបជូនលោកនាយករដ្ឋមន្ត្រីពីស្ថានភាពរបស់សហគមន៍ជនវៀតណាមកំពុងរស់នៅ សិក្សារៀនសូត្រនិងធ្វើការនៅកូរ៉េខាងត្បូង។ យ៉ាងណាមិញ សហគមន៍ជនវៀតណាមតែងតែជួយគ្នាទៅវិញទៅមក សម្របខ្លួនយ៉ាងល្អប្រសើរជាមួយប្រទេសសាមី ព្រមទាំងរួមចំណែកយ៉ាងសកម្មក្នុងការផ្សព្វផ្សាយរូបភាព និងវប្បធម៌វៀតណាមនៅកូរ៉េខាងត្បូង។
នាយករដ្ឋមន្ត្រី និងលោកជំទាវបានថតរូបអនុស្សាវរីយ៍ជាមួយកម្មាភិបាលនិងបុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូង។ រូបថត៖ VOV |
អញ្ជើញថ្លែងមតិក្នុងពិធី នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានវាយតម្លៃថា ទំនាក់ទំនងវៀតណាម-កូរ៉េខាងត្បូងបច្ចុប្បន្ននេះ មិនដែលល្អប្រសើរជាងពេលណាៗទាំងអស់ លើគ្រប់វិស័យនោះទេ។ ទំនាក់ទំនងលើគ្រប់ជ្រុងជ្រោយនេះបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍ជនវៀតណាមរស់នៅ ធ្វើការ សិក្សា និងស្រាវជ្រាវនៅប្រទេសកូរ៉េខាងត្បូង។ លោកនាយករដ្ឋមន្ត្រីបានអះអាងថា បក្ស រដ្ឋ ជានិច្ចកាលចាត់ទុកសហគមន៍ជនវៀតណាមនៅបរទេសជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បាននៃសហគមន៍ជនជាតិវៀតណាម។ យោងតាមលោកនាយករដ្ឋមន្ត្រី ជនវៀតណាមនៅឯបរទេសដែលទទួលបានជោគជ័យ គឺរួមចំណែកដល់ប្រទេសជាតិ និងទំនាក់ទំនងទ្វេភាគី នេះក៏ជាជោគជ័យរបស់ប្រទេសជាតិ បក្ស និងរដ្ឋផងដែរ៕