នាយករដ្ឋមន្ត្រីលោក Pham Minh Chinh៖ ធានាជីវភាពរស់នៅប្រចាំថ្ងៃជូនប្រជាជនក្នុងគ្រប់កាលៈទេសៈ ដោយគ្មាននរណាម្នាក់ត្រូវបានទុកចោលឡើយ
(VOVWORLD) - នាព្រឹកថ្ងៃទី២៣ ខែមករា លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញទៅសាកសួរសុខទុក្ខ ជូនអំណោយ និងជូនពរបុណ្យតេតដល់កម្មាភិបាល ប្រជាជន និងកងកម្លាំងប្រដាប់អាវុធនៅទីក្រុង Can Tho។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជូនអំណោយនិងសួរសុខទុក្ខគ្រួសារគោលនយោបាយ (រូបថត៖ VGP/Nhat Bac) |
អញ្ជើញជូនពរបុណ្យតេត និងជូនអំណោយដល់គ្រួសារគោលនយោបាយនិងគ្រួសារក្រីក្រ; សមាជិកសហជីព កម្មករ កម្មករក្រីក្រ ដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាតកូវីដ ១៩; ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំនៅទីក្រុង Can Tho, លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា បក្ស រដ្ឋតែងតែកំណត់ថា ប្រជាជនជាមជ្ឈមណ្ឌល ជាប្រធានបទនិងកម្លាំងចលករ ជាគោលដៅសម្រាប់ការអភិវឌ្ឍ ពោលគឺ មិនលះបង់បរិស្ថាន វប្បធម៌និងសន្តិសុខសង្គម ជាថ្នូរនឹងកំណើនសេដ្ឋកិច្ចសាមញ្ញទៀតសោត។ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ បក្ស រដ្ឋក៏ខិតខំធានាជីវភាពប្រចាំថ្ងៃរបស់ប្រជាជន ដោយមិនទុកចោលនរណាម្នាក់នៅពីក្រោយឡើយ។
លោកនាយករដ្ឋមន្ត្រីបានលើកច្បាស់ថា ការប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ គឺជាទំនៀមទម្លាប់ដែលបង្កប់ដោយអត្តសញ្ញាណ ដែលជាលក្ខណៈវប្បធម៌ស្រស់ស្អាតរបស់ប្រទេសជាតិនិងប្រជាជនវៀតណាម។ តេត គឺជាឱកាសមួយដើម្បីបង្ហាញពីគោលការណ៍ “ផឹកទឹកនឹកឃើញប្រភពដើម” ផ្សព្វផ្សាយពីស្មារតី “ស្រលាញ់រាប់អានជួយទំនុកបំរុងគ្នាទៅវិញទៅមក”។ ទីក្រុង Can Tho ត្រូវរៀបចំឱ្យបានល្អសម្រាប់ប្រជាជនអំណរបុណ្យតេត ប្រកបដោយភាពសប្បាយរីករាយ សុវត្ថិភាព ជាពិសេសសម្រាប់អ្នកទទួលផលគោលនយោបាយ និងជនងាយរងគ្រោះ។ ជាមួយគ្នានោះ ប្រជាជនត្រូវអនុវត្តន៍វិធានការសុខាភិបាលឱ្យបានល្អក្នុងការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត គោរពតាមបទបញ្ញត្តិធានាសុវត្ថិភាពចរាចរណ៍ សណ្តាប់ធ្នាប់និងសន្តិសុខសង្គម។
នាថ្ងៃដដែល លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញទៅសួរសុខទុក្ខនិងជូនពរបុណ្យតេត នៅបញ្ជាការដ្ឋានយោធភូមិភាគទី៩ និងទៅសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីដល់ នគរបាលក្រុង Can Tho។ ក្នុងឱកាសនេះផងដែរ លោកនាយករដ្ឋមន្ត្រីបានអញ្ជើញទៅសួរសុខទុក្ខសមមិត្ត Le Phuoc Tho អតីតប្រធានគណៈកម្មាធិការចាត់តាំងមជ្ឈិម; បានទៅសួរសុខទុក្ខវីរៈអ្នកម្តាយវៀតណាម Duong Thi Nga នៅសង្កាត់ Hung Loi និងវីរៈអ្នកម្តាយវៀតណាម Dang Thi Guong នៅសង្កាត់ An Hoa ស្រុក Ninh Kieu ផងដែរ៕