នាយករដ្ឋមន្ត្រីលោក Pham Minh Chinh៖ បង្កើតលក្ខខណ្ឌអំណោយផលទាំងអស់សម្រាប់សហគ្រាសអភិវឌ្ឍន៍
(VOVWORLD) - នាព្រឹកថ្ងៃទី ១៩ មិនា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអញ្ជើញចូលរួមសម័យប្រជុំជាន់ខ្ពស់នៃវេទិកាធុរកិច្ចវៀតណាមប្រចាំឆ្នាំ ២០២៣ (VBF ២០២៣) ដោយប្រធានបទ “សហគមន៍ធុរកិច្ចរួមដំណើរជាមួយរដ្ឋាភិបាលវៀតណាម ក្នុងការលើកកំពស់កំណើនបៃតង”។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញថ្លែងមតិក្នុងពិធី (រូបថត៖ VOV) |
វេទិកានេះត្រូវបានសហការរៀបចំដោយក្រសួងផែនការ និងវិនិយោគ, ធនាគារពិភពលោក (WB), សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) និងសម្ព័ន្ធវេទិកាធុរកិច្ច វៀតណាម (VBF) ក្នុងឱកាសខួបលើកទី ២៥ នៃទិវាបង្កើតវេទិកាធុរកិច្ចវៀតណាម។
ក្នុងវេទិកានេះ តំណាងធនាគារពិភពលោក IFC សមាគមធុរកិច្ចអឺរ៉ុប សហរដ្ឋអាមេរិក កូរ៉េខាងត្បូង អង់គ្លេស ជប៉ុន ... សុទ្ធតែបានវាយតំលៃខ្ពស់ចំពោះសមិទ្ធិផលសំខាន់ៗជាច្រើនរបស់វៀតណាមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ជាពិសេសក្នុងបរិបទត្រូវបង្ការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩; ក៏ដូចជាការខិតខំប្រឹងប្រែងកែលម្អបរិយាកាសវិនិយោគធុរកិច្ចរបស់វៀតណាម។ អង្គការអន្តរជាតិ និងសមាគមធុរកិច្ចជឿជាក់ និងប្តេជ្ញារួមដំណើរជាមួយរដ្ឋាភិបាលវៀតណាមក្នុងការជំរុញកំណើនបៃតង។
ថ្លែងមតិនៅវេទិកានេះ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអះអាងថា រដ្ឋាភិបាលវៀតណាមបន្តប្ដេជ្ញាយ៉ាងមុតមាំអំពីការបង្កើតគ្រប់លក្ខខណ្ឌអំណោយផលសម្រាប់អាជីវកម្មអភិវឌ្ឍន៍។ តាមនោះ បន្តសុក្រិតរបៀបរបប យន្តការ និងគោលនយោបាយ ដើម្បីបង្កើតបរិយាកាសធុរកិច្ចអំណោយផល និងស្មើភាព លើកកំពស់សមត្ថភាពប្រកួតប្រជែងជាតិ; លុបបំបាត់ការលំបាកសម្រាប់អាជីវកម្ម។ បន្តយកចិត្តទុកដាក់លើការកាត់បន្ថយការចំណាយសម្រាប់អាជីវកម្ម; បង្កើនតម្លាភាព និងសមភាពក្នុងការទទួលបានធនធាន។ ពង្រឹងការការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់សហគ្រាស ម្ចាស់អាជីវកម្ម និយោជិត និងភាគីពាក់ព័ន្ធ; ធ្វើសមកាលកម្ម និងអនុវត្តគោលនយោបាយប្រកបដោយប្រសិទ្ធភាព ដើម្បីជួយដល់សហគ្រាសក្នុងវិស័យដើមទុន ការផ្ទេរបច្ចេកវិទ្យា ការបណ្តុះបណ្តាល និងការអភិវឌ្ឍធនធានមនុស្ស ...។ វៀតណាមនឹងអភិវឌ្ឍន៍ដោយសមកាលកម្មទីផ្សារទាំងអស់ រួមទាំងទីផ្សារទំនិញ និងសេវាកម្ម ហិរញ្ញវត្ថុ - រូបិយប័ណ្ណ ទីផ្សារមូលបត្រ សិទ្ធិប្រើប្រាស់ដីធ្លី អចលនទ្រព្យ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា កម្លាំងពលកម្ម លទ្ធកម្មសាធារណៈ... បង្កើតលក្ខខណ្ឌសម្រាប់អាជីវកម្មឱ្យមានសិទ្ធិស្មើគ្នា។ លោកនាយករដ្ឋមន្ត្រីមានបំណងថា វេទិកាធុរកិច្ចវៀតណាមនឹងបន្តជាបណ្តាញសន្ទនាគោលនយោបាយសំខាន់ និងមានប្រសិទ្ធភាពរវាងរដ្ឋាភិបាល និងសហគមន៍ធុរកិច្ច។
បន្ទាប់ពីវេទិកានេះ លោកនាយករដ្ឋមន្ត្រីបានអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ២៥ នៃការបង្កើតវេទិកាធុរកិច្ចវៀតណាម ដែលជាយន្តការសន្ទនាជាបន្តបន្ទាប់ និងជិតស្និទ្ធរវាងរដ្ឋាភិបាលវៀតណាម និងសហគមន៍ធុរកិច្ចជាតិនិងអន្តរជាតិ ដើម្បីកែលម្អលក្ខខណ្ឌអាជីវកម្មចាំបាច់ សម្រាប់ជំរុញការអភិវឌ្ឍវិស័យសហគ្រាសឯកជន សម្រួលបរិយាកាសវិនិយោគ និងរួមចំណែកដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពរបស់វៀតណាម៕