នាយករដ្ឋមន្ត្រីលោក Pham Minh Chinh អញ្ជើញចុះពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅខេត្ត Bac Lieu
(VOVWORLD) - នាព្រឹកមិញនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានចុះពិនិត្យគម្រោងសាងសង់ផ្លូវល្បឿនលឿន Can Tho - Ca Mau ឆ្លងកាត់ខេត្ត Bac Lieu; ទស្សនាគម្រោងថាមពលខ្យល់ និងធ្វើការជាមួយអ្នកវិនិយោគថាមពលខ្យល់នៅ Bac Lieu។
លោកនាយករដ្ឋមន្ត្រី និងគណៈប្រតិភូបានចុះពិនិត្យការដ្ឋានបោសសម្អាតផ្លូវល្បឿនលឿនពីជើងទៅត្បូងនៃទិសខាងកើត ផ្លូវ Can Tho - Ca Mau ផ្នែកឆ្លងកាត់ខេត្ត Bac Lieu (រូបថត៖ VOV) |
ផ្លូវល្បឿនលឿន Can Tho - Ca Mau មានប្រវែងប្រហែល ១១០ គីឡូម៉ែត្រ ឆ្លងកាត់តាមបណ្តាខេត្ត-ក្រុងនានាដូចជា Can Tho, Hau Giang, Bac Lieu, Kien Giang, Ca Mau ដោយមានទុនវិនិយោគសរុបប្រហែល ២៧.៥០០ ពាន់លានដុង (ប្រហែលជាង ១ ពាន់លានដុល្លារអាមេរិក)។ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានស្នើឱ្យក្រសួងគមនាគមដឹកជញ្ជូន និងក្រុមប្រឹក្សាគ្រប់គ្រងគម្រោង ពន្លឿនការរៀបចំសម្រាប់ការវិនិយោគ សាងសង់គម្រោង ជ្រើសរើសអ្នកប្រឹក្សាផ្នែករចនា វាយតម្លៃ អនុម័ត និងជ្រើសរើសអ្នកម៉ៅការសំណង់។
ទស្សនាគម្រោងថាមពលខ្យល់ និងជួបធ្វើការជាមួយអ្នកវិនិយោគថាមពលកកើតឡើងវិញ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានសង្កត់ធ្ងន់ថា វៀតណាមក្នុងនោះមានខេត្ត Bac Lieu មានសក្ដានុពលខ្លាំងសម្រាប់ថាមពលកកើតឡើងវិញ ជាពិសេសថាមពលខ្យល់ ថាមពលពន្លឺព្រះអាទិត្យ។ អាស្រ័យហេតុនេះ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យយកចិត្តទុកដាក់លើសកម្មភាពផ្ទេរបច្ចេកវិទ្យា ការបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសការស្រាវជ្រាវ និងអភិវឌ្ឍន៍ឧស្សាហកម្មថាមពលកកើតឡើងវិញ; រួមជាមួយគ្នានោះ អ្នកវិនិយោគ និងមូលដ្ឋានត្រូវសិក្សា និងរៀបចំគំរូអភិវឌ្ឍន៍សេដ្ឋកិច្ចវិលជុំ អភិវឌ្ឍន៍ថាមពលខ្យល់ រួមផ្សំការផលិតអ៊ីដ្រូសែន កសិកម្ម និងវារីវប្បកម្ម៕