នាយករដ្ឋមន្ត្រីលោក Pham Minh Chinh៖ អាស៊ានត្រៀមខ្លួនជាស្រេចដើម្បីដើរតួជា “អន្តរការីគួរឱ្យទុកចិត្ត” របស់ដៃគូ EAS
(VOVWORLD) - បន្តសកម្មភាពនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) លើកទី១៧ ជាមួយថ្នាក់ដឹកនាំនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងដៃគូ EAS រួមមានប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី នូវែលសេឡង់ ឥណ្ឌា រុស្ស៊ី សហរដ្ឋអាមេរិក និងអគ្គលេខាធិការអាស៊ាន។
នាយករដ្ឋមន្ត្រី Pham Minh Chinh នៅកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី ១៧ (EAS) រូបថត៖ VGP |
ថ្លែងមតិនៅក្នុងកិច្ចប្រជុំនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា គួរតែផ្តល់អាទិភាពដល់ការជំរុញការស្តារឡើងវិញនៃសេដ្ឋកិច្ចដោយផ្អែកលើការអភិវឌ្ឍប្រកប ដោយចីរភាព បើកទូលាយពាណិជ្ជកម្មនិងធានាខ្សែសង្វាក់ផ្គត់ផ្គង់រលូន; អំពាវនាវឱ្យប្រទេសនានាបើកទីផ្សាររបស់ខ្លួនជាបន្ទាន់ បង្កើនសមាហរណកម្ម និងលើកកម្ពស់ពហុភាគីនិយម ពាណិជ្ជកម្មសេរី យុត្តិធម៌ ប្រកបដោយបរិយាប័ន្ន។ អាស៊ានសង្ឃឹមថា ដៃគូ EAS នឹងជួយគាំទ្រក្នុងការលើកកម្ពស់ការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង ការអភិវឌ្ឍសេដ្ឋកិច្ចវិលជុំ ធានាសន្តិសុខស្បៀង សន្តិសុខព័ត៌មាន។ល។ នាយករដ្ឋមន្ត្រីអាស៊ានបានអះអាងថា នឹងបន្តរួមជាមួយដៃគូដើម្បីលើកកម្ពស់ពហុភាគីនិយម និងគោរពតាមច្បាប់អន្តរជាតិ ឈរលើស្មារតីនៃតម្លាភាព ការកសាង និងការគោរពចំពោះតួនាទីមជ្ឈភាពរបស់អាស៊ាន។
ចែករំលែកទស្សនៈអំពីបញ្ហាក្នុងតំបន់និងអន្តរជាតិ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអះអាងនូវគោលជំហរជាគោលការណ៍របស់អាស៊ានចំពោះសមុទ្រខាងកើត ដោយស្នើឱ្យប្រទេសនានារួមដៃគ្នាកសាងសមុទ្រខាងកើតទៅជាសមុទ្រសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍប្រកបដោយចីរភាព ដោះស្រាយជម្លោះដោយសន្តិវិធី និងអំពាវនាវសហគមន៍អន្តរជាតិ និងបណ្តាប្រទេស EAS គាំទ្រកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) នាពេលឆាប់ៗ ...។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យដៃគូ EAS គាំទ្រអាស៊ាន ដើម្បីជួយមីយ៉ាន់ម៉ាក្នុងការស្វែងរកដំណោះស្រាយស្ថិរភាពស្ថានការណ៍៕