នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានចូលរួមបណ្តាសម័យប្រជុំក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូល G20
(VOVWORLD) - នាថ្ងៃទី ២៩ ខែមិថុនាឆ្នាំ ២០១៩ នៅទីក្រុង Osaka ប្រទេសជប៉ុន នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានបន្តនូវសកម្មភាពចូលរួមកិច្ចប្រជុំសំខាន់ៗ នៃកិច្ចប្រជុំកំពូល G20 រួមមាន: សម័យប្រជុំទី ៣ នៃកិច្ចប្រជុំកំពូល G20 ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព; សម័យប្រជុំលើកទី ៤ ស្តីពីការប្រែប្រួលអាកាសធាតុ បរិស្ថាននិងថាមពលនិងព្រឹត្តិការណ៍នៅខាងក្រៅនៃកិច្ចប្រជុំ ស្តីពីការពង្រឹងតួនាទីរបស់ស្ត្រី។ លោកនាយករដ្ឋមន្ត្រីស្នើសុំឱ្យបណ្តាប្រទេសនានា ជំរុញបង្កើតបណ្តាញសកល សម្រាប់ចែករំលែកទិន្នន័យអំពីមហាសមុទ្រនិងឆ្ពោះទៅកាន់ក្របខ័ណ្ឌសកលអំពីទប់ទល់នឹងកាក សំណល់ប្លាស្ទិកនៅសមុទ្រ ដើម្បីមហាសមុទ្របៃតង។
កិច្ចប្រជុំក G20 កំពូលបានធ្វើសេចក្តីថ្លែងការណ៍រួម ដោយជំរុញពាណិជ្ជកម្ម "សេរី យុត្តិធម៌និងមិនរើសអើង" |
អញ្ជើញថ្លែងនៅសម័យប្រជុំអំពីអាកាសធាតុនិងបរិស្ថាន នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា: ការប្រែប្រួលអាកាសធាតុ ការបំពុលបរិស្ថាននិងសន្តិសុខថាមពលអស្ថិរភាព កំពុងប៉ះពាល់ដល់ការរស់រានមានជីវិតរបស់មនុស្សជាតិ។ ហេតុដូច្នេះ សុំស្នើឱ្យបណ្តាប្រទេសឲ្យមានការបែងចែកធនធានប្រកបដោយប្រសិទ្ធភាពនិងអនុវត្តពេញលេញនៃការប្តេជ្ញាចិត្តផ្នែកអាកាសធាតុនិងបរិស្ថាន។ លោកនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមបានអនុវត្តយ៉ាងតឹងរឹងនូវកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីអំពីអាកាសធាតុ ហើយស្នើសុំឲ្យប្រទេសនានានិងសហគមន៍អន្តរជាតិ បង្កើនការគាំទ្រជាក់ស្តែងសម្រាប់ប្រទេសងាយរងគ្រោះលើការប្រែប្រួលអាកាសធាតុ ក្នុងនោះមានវាលសណ្ដទន្លេ Cuu Long ដែលឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។
លោកនាយករដ្ឋមន្រ្តីវៀតណាមបានសង្កត់ធ្ងន់ថា កាកសំណល់ប្លាស្ទិកនៅសមុទ្រដែលកំពុងបំផ្លាញប្រព័ន្ធអេកូសមុទ្រ ហើយនេះជាបញ្ហាសកលបន្ទាន់។ ហេតុដូច្នេះ ស្នើឱ្យបណ្តាប្រទេសចូលរួមក្នុងការអភិវឌ្ឍន៍យន្តការនិងបទប្បញ្ញត្តិស្តីពីសមុទ្រនិងមហាសមុទ្រដើម្បីគ្រប់គ្រង កាត់បន្ថយនិងរាំងស្កាត់កាកសំណល់ប្លាស្ទិក។
នៅក្នុងកិច្ចប្រជុំស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព មេដឹកនាំទាំងអស់បានអះអាងថា នឹងបង្កើនកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តរបៀបវារៈ ២០៣០ ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព ដោយគាំទ្រដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG) ជាពិសេសក្នុងវិស័យកាត់បន្ថយភាពក្រីក្រ ហេដ្ឋារចនាសម្ព័ន្ធដែលមានគុណភាព ការអប់រំ បរិស្ថាន សុខភាពនិងថាមពលជាដើម។ រវាងប្រទេស G20 នៅតែមានភាពខុសគ្នានៅក្នុងបញ្ហាផ្លាស់ប្តូរអាកាសធាតុដែលជារដ្ឋសមាជិក G20 ភាគច្រើនអះអាងពីការប្តេជ្ញារបស់ខ្លួនក្នុងការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីអាកាសធាតុឱ្យបានពេញលេញស្របពេលដែលសហរដ្ឋអាមេរិចបានបញ្ជាក់ជាថ្មីពីការដកប្រាក់របស់ខ្លួន។
នៅឯស័យពិភាក្សាស្តីពីស្ត្រី មេដឹកនាំទាំងអស់បានសង្កត់ធ្ងន់លើសមភាពយេនឌ័រនិងការផ្តល់សិទ្ធិដល់ស្រ្តី ដែលដើរតួនាទីយ៉ាងសំខាន់ឆ្ពោះទៅរកកំណើនប្រកបដោយនិរន្តរភាពនិងគ្រប់ដណ្តប់។ ប្រទេស G-20 បានអះអាងពីកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីកាត់បន្ថយគម្លាតរវាងកម្លាំងពលកម្មនិងការងាររវាងស្ត្រីនិងបុរសដល់ ២៥% ត្រឹមឆ្នាំ ២០២៥។ ម្យ៉ាងវិញទៀត ប្តេជ្ញាចិត្តក្នុងការពង្រឹងការអប់រំនិងបណ្តុះបណ្តាលសម្រាប់សិស្សនារី ជាពិសេសជំនាញឌីជីថលដើម្បីបំពេញតាមតម្រូវការនៃការងារថ្មីនាពេលអនាគត។ លើសពីនេះទៅទៀត បន្តអនុវត្តគំនិតផ្តួចផ្តើមដើម្បីផ្តល់ហិរញ្ញប្បទានដល់សហគ្រិនជាស្រ្តី (We-Fi) ដើម្បីបង្កើនការគាំទ្រដល់សហគ្រិនជាស្ត្រីនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។
បញ្ចប់នៃកិច្ចពិភាក្សារយៈពេលពីរថ្ងៃនេះ កិច្ចប្រជុំកំពូល G20 បានចេញសេចក្តីថ្លែងការណ៍រួម របស់មេដឹកនាំ G20 ដោយបានអះអាងពីការបន្តកិច្ចសហប្រតិបត្តិការនិងការសម្របសម្រួលក្នុងបញ្ហាសេដ្ឋកិច្ចសកល៕