នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់កម្ពុជា និងឡាវ
(VOVWORLD) - នារសៀលថ្ងៃទី ១២ ខែមេសា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីកម្ពុជា និងពិធីបុណ្យចូលឆ្នាំថ្មី Bun Pi May របស់ឡាវ ពុទ្ធសករាជ ២៥៦៥ លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh បានអញ្ជើញធ្វើកិច្ចសន្ទនាតាមទូរស័ព្ទ ជូនពរចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងនាយករដ្ឋមន្ត្រីឡាវលោក Phankham Viphavanh។
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់កម្ពុជា និងឡាវ (រូបថត៖ VNA) |
ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានោះ នាយករដ្ឋមន្ត្រីទាំងពីររូបបានសង្កត់ធ្ងន់លើសារៈសំខាន់ជាយុទ្ធសាស្ត្រក្នុងការរក្សា និងពង្រឹងដោយឥតឈប់ឈរនូវទំនាក់ទំនងភាពជាអ្នកជិតខាងល្អ មិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងកម្ពុជា ចំពោះសន្តិសុខ និងការអភិវឌ្ឍនៃប្រទេសនីមួយៗក្នុងស្ថានភាពបច្ចុប្បន្ន ជាពិសេសក្នុង “ឆ្នាំមិត្តភាពវៀតណាម - កម្ពុជា ២០២២” រំលឹកខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ នាយករដ្ឋមន្ត្រីទាំងពីររូបបានឯកភាពគ្នាបន្តពង្រឹងទំនុកចិត្តនយោបាយ; ពង្រឹងការសម្របសម្រួលគ្នា ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនៃជំងឺរាតត្បាតកូវីដ-១៩ ទាញយកផលប្រយោជន៍ពី លក្ខខ័ណ្ឌ "ប្រក្រតីភាពថ្មី" ដើម្បីកិច្ចសហប្រតិបត្តិការជំរុញការស្ដារសេដ្ឋកិច្ចសង្គមឡើងវិញ ព្រមទាំងពង្រីកសមិទ្ធិផលនៃការងារខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនគោក ដែលសម្រេចបាន ៨៤% និងបន្តសម្របសម្រួលគ្នាក្នុងការដោះស្រាយការបោះបង្គោលព្រំដែនដែលនៅសេសសល់ ១៦%។ លោកនាយករដ្ឋមន្ត្រីវៀតណាមបានអះអាងសារជាថ្មីម្តងទៀតថា វៀតណាមគាំទ្រកម្ពុជាក្នុងការទទួលតួនាទីជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ឆ្នាំ២០២២ ប្រកបដោយជោគជ័យ ហើយវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការជំរុញការអនុវត្ត “ការព្រមព្រៀងជាឯកច្ឆ័ន្ទ ៥ ចំណុច” របស់អាស៊ានស្ដីពីមីយ៉ាន់ម៉ា។
ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីឡាវ លោក Phankham Viphavanh លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញផ្ញើសេចក្ដីជូនពរឆ្នាំថ្មីយ៉ាងកក់ក្តៅបំផុតជូនចំពោះថ្នាក់ដឹកនាំបក្ស រដ្ឋ និងប្រជាជនឡាវក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី Bun Pi May ដោយជឿជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់បក្សប្រជាជនបដិវត្តន៍ឡាវ ប្រជាជនឡាវនឹងសម្រេចបានសមិទ្ធិផលកាន់តែច្រើនថែមទៀត បន្តកសាងប្រទេសឡាវឱ្យកាន់តែរីកចម្រើន ហើយមានឋានៈ និងតួនាទីកាន់តែខ្ពស់លើឆាកអន្តរជាតិ។ នាយករដ្ឋមន្ត្រីទាំងពីររូបក៏បានឯកភាពគ្នាបន្តសម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាអន្តរជាតិ តំបន់ និងអនុតំបន់ រួមចំណែកជំរុញសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការក្នុងសហគមន៍អាស៊ាន ក្នុងតំបន់ និងនៅលើពិភពលោក។