នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយថ្នាក់ដឹកនាំកំពូលជប៉ុន

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅជប៉ុន នាថ្ងៃទី ២៤ ខែវិច្ឆិកា នៅវិមាននាយករដ្ឋមន្ត្រីជប៉ុននោះ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញចូលរួមពិធីទទួលបដិសណ្ឋារកិច្ច កិច្ចពិភាក្សាការងារ និងពិធីជប់លៀងផ្លូវការរបស់នាយករដ្ឋមន្ត្រីជប៉ុនលោក Kishida Fumio។
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយថ្នាក់ដឹកនាំកំពូលជប៉ុន - ảnh 1នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងនាយករដ្ឋមន្ត្រីជប៉ុនលោក Kishida Fumio

នៅក្នុងកិច្ចពិភាក្សាការងារ នាយករដ្ឋមន្ត្រីទាំងពីររូបបានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅចំពោះមុខផលប៉ះពាល់អវិជ្ជមាននៃជំងឺរាតត្បាតកូវីដ ១៩ តាមរយៈការសម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធិ ដើម្បីអនុវត្តន៍គម្រោងធំៗរបស់វៀតណាម អភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ  អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ បង្កើនខ្សែសង្វាក់ផ្គត់ផ្គង់ អនុវត្តន៍គំនិតផ្តួចផ្តើមផ្លាស់ប្ដូរឌីជីថល និងគំនិតផ្ដួចផ្ដើមភាពជាដៃគូសហប្រតិបត្តិការផ្លាស់ប្ដូរថ្មី បច្ចេកវិទ្យា និងអនុវត្តណ៍គំនិតផ្តួចផ្តើមធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់រវាងប្រទេសទាំងពីរឲ្យបានឆាប់ៗ ព្រមទាំងសកម្មជំរុញបណ្ដាកម្មវិធីសហប្រតិបត្តិការ ដោយប្រើប្រាស់ទុនជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ជប៉ុនក្នុងដំណាក់កាស្ដារឡើងវិញ ក្រោយជំងឺរាតត្បាតកូវីដ ១៩។

ទាក់ទងនឹងបញ្ហាតំបន់ និងអន្តរជាតិនោះ នាយករដ្ឋមន្ត្រីទាំងពីររូបបានឯកភាពគ្នាសម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធ នៅវេទិកាអន្តរជាតិ និងតំបន់ ដូចជាអាស៊ាន មេគង្គ អង្គការសហប្រជាជាតិ ក៏ដូចជាបង្កើនការសម្របសម្រួលគ្នាឆ្លើយតបនឹងការសាកល្បងរួមរបស់សហគមន៍អន្តរជាតិ ដូចជាការប្រែប្រួលអាកាសធាតុ ការបង្ការ និងប្រឆាំងគ្រោះមហន្តរាយធម្មជាតិ កិច្ចការពារបរិស្ថាន បញ្ហាស្ត្រី និងកុមារ ព្រមទាំងសម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធិ ដើម្បីអនុវត្តន៍ កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)។

នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយថ្នាក់ដឹកនាំកំពូលជប៉ុន - ảnh 2ទិដ្ឋភាពនៃកិច្ចពិភាក្សាការងារ

ទាក់ទិននឹងបញ្ហាសមុទ្រខាងកើត ថ្នាក់ដឹកនាំទាំងពីររូបបានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការធានាសន្តិសុខ សុវត្ថិភាពនាវាចរណ៍ អាកាសចរណ៍ ដោះស្រាយជម្លោះនិងការខ្វែងគំនិតគ្នាដោយសន្តិវិធី រួមមានការគោរពយ៉ាងពេញលេញរាល់ដំណើរការការទូត និងគតិយុត្តិ មិនប្រើប្រាស់អាវុធ ឬការគំរាមកំហែងប្រើប្រាស់អាវុធ ដោយផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) អនុវត្តយ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវ សេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) សុក្រិតក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាពជាក់ស្ដែង និងមានសុពលភាពគតិយុត្តិ។

មុននោះ លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh និងនាយករដ្ឋមន្ត្រីជប៉ុន Kishida Fumio បានអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខា និងផ្លាស់ប្តូរឯកសារចំនួន ១១ រវាងក្រសួង ស្ថាប័ន និងសហគ្រាសនៃប្រទេសទាំងពីរ។

ក្នុងឱកាសនេះ ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួម ដោយឆ្ពោះទៅរកដំណាក់កាលថ្មីនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រទូលំទូលាយវៀតណាម-ជប៉ុន ដើម្បីសន្តិភាព និងវិបុលភាពនៅអាស៊ី។

នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយថ្នាក់ដឹកនាំកំពូលជប៉ុន - ảnh 3នាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញជួបពិភាក្សាការងារជាមួយប្រធានសភាជាន់ទាបជប៉ុន លោក Hosoda Hiroyuki

នារសៀលថ្ងៃទី ២៤ វិច្ឆិកា នៅទីក្រុងតូក្យូ នាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញជួបពិភាក្សាការងារជាមួយប្រធានសភាជាន់ទាបជប៉ុន លោក Hosoda Hiroyuki។

នៅក្នុងជំនួបនេះ ប្រធានសភាជាន់ទាបជប៉ុន លោក Hosoda Hiroyuki បានអះអាងថា សភាជាន់ទាបជប៉ុនគោរពទំនាក់ទំនងជាមួយវៀតណាម ហើយមានបំណងប្រាថ្នាជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រទូលំទូលាយវៀតណាម - ជប៉ុនលើគ្រប់វិស័យ ជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងកម្ពស់ថ្មី ព្រមទាំងបង្កើនជំនួបប្រាស្រ័យទាក់ទងគ្នានិងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធិរវាងសភាជាន់ទាបជប៉ុន និងរដ្ឋសភាវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ