នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh អញ្ជើញជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albanese
(VOVWORLD) - នាព្រឹកថ្ងៃទី ៤ មិថុនា នៅវិមានប្រធានរដ្ឋ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចនាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albanese ក្នុងឱកាសមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៤ មិថុនា។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចនាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albanese។
(រូបថត៖ VOV) |
បន្ទាប់ពីពិធីទទួល នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានជួបពិភាក្សាការងារនៅទីស្តីការខុទ្ទកាល័យរដ្ឋាភិបាល។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានបញ្ជាក់ថា នឹងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសអូស្ត្រាលីមកបណ្តាក់ទុននៅវៀត
ណាមលើវិស័យអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ ហិរញ្ញវត្ថុ-ធនាគារ អប់រំ កសិកម្ម និងបច្ចេកវិទ្យាខ្ពស់ ការផ្លាស់ប្ដូរឌីជីថល ការផ្លាស់ប្ដូរបៃតង ការកសាងទិន្នន័យប្រជាជន ហើយស្នើឲ្យអូស្ត្រាលីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសវៀតណាមមកបណ្តាក់ទុននៅអូស្ត្រាលីលើវិស័យរ៉ែ កសិកម្ម ពាណិជ្ជកម្មអេឡិច
ត្រូនិក អាកាសចរណ៍ និងទេសចរណ៍។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានវាយតម្លៃខ្ពស់ចំពោះការដែលអូស្ត្រាលីបានបង្កើនការផ្ដល់ទុន ODA ចំនួន ២,៥% បន្ថែមទៀតសម្រាប់វៀតណាមក្នុងឆ្នាំសារពើពន្ធ ២០២៣-២០២៤ ហើយបានស្នើថា កិច្ចសហប្រតិបត្តិការ ODA គឺជាកត្តាសំខាន់ក្នុងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនាពេលអនាគត។
ទិដ្ឋភាពនៃជំនួបពិភាក្សាការងារ។ (រូបថត៖ VOV) |
រីឯខ្លួនវិញ លោកនាយករដ្ឋមន្ត្រី Anthony Albanese បានអះអាងនូវគោលបំណងរបស់អូស្ត្រាលីក្នុងការបន្តពង្រីកកិច្ចសហប្រតិបត្តិការសន្តិសុខ ការពារជាតិជាមួយវៀតណាម; អះអាងនូវការបន្តរក្សាកិច្ចសហប្រតិបត្តិការ ODA; ឯកភាពជំរុញកិច្ចសហប្រតិបត្តិការវិនិយោគទ្វេភាគី; បន្តបង្កើនអាហារូបករណ៍សម្រាប់និស្សិតវៀតណាម; ឯកភាពអនុវត្តន៍យ៉ាងសកម្មនូវកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗដូចជាសេដ្ឋកិច្ចឌីជីថល ការផ្លាស់ប្តូរឌីជីថល... លោកនាយករដ្ឋមន្ត្រីលោក Anthony Albanese បានប្រកាសពីកញ្ចប់ជំនួយ ១០៥ លានដុល្លារអូស្ត្រាលីសម្រាប់វៀតណាមក្នុងកិច្ចសហប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធ ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងការបម្លែងថាមពល។ លោកនាយករដ្ឋមន្រ្តី Anthony Albanese ក៏បានបញ្ជាក់ផងដែរថា នឹងដាក់វៀតណាមជាចំណុចកណ្តាលក្នុងយុទ្ធសាស្ត្រសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍ដល់ឆ្នាំ ២០៤០ ដែលអូស្ត្រាលីកំពុងកសាង។
ពិភាក្សាអំពីស្ថានភាពនៅសមុទ្រខាងកើត មេដឹកនាំទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សា និងជំរុញសន្តិភាព សន្តិសុខ ស្ថិរភាព សុវត្ថិភាព និងសេរីភាពនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត; ជំរុញការសន្ទនា ការពង្រឹងទំនុកចិត្ត និងដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២៕