នាយករដ្ឋមន្ត្រីវៀតណាមចុះត្រួតពិនិត្យរោងចក្រ គម្រោងបច្ចេកវិទ្យាខ្ពស់មួយចំនួននៅទីក្រុង Da Nang

(VOVWORLD) - បន្តកម្មវិធីការងារនៅទីក្រុង Da Nang នាព្រឹកថ្ងៃទី ២៦ មិថុនា នាយករដ្ឋមន្ត្រី វៀតណាម លោក Pham Minh Chinh បានអញ្ជើញទៅទស្សនានិងត្រួតពិនិត្យរោងចក្រ និងគម្រោងធំៗមួយចំនួនក្នុងវិស័យបច្ចេកវិទ្យាខ្ពស់នៅភូមិសាស្ត្រទីក្រុងឆ្នេរសមុទ្រភាគកណ្តាលមួយនេះ។

នាយករដ្ឋមន្ត្រីវៀតណាមចុះត្រួតពិនិត្យរោងចក្រ គម្រោងបច្ចេកវិទ្យាខ្ពស់មួយចំនួននៅទីក្រុង Da Nang - ảnh 1លោកនាយករដ្ឋមន្រ្តី Pham Minh Chinh អញ្ជើញមកទស្សនាតំបន់ទីក្រុងអប់រំ-បច្ចេកវិទ្យា
FPT City។ (រូបថត៖ VOV)

អញ្ជើញមកទស្សនាតំបន់ទីក្រុងអប់រំ-បច្ចេកវិទ្យា FPT City លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានវាយតំលៃខ្ពស់ចំពោះលទ្ធផលនិងការរួមវិភាគទានរបស់ FPT ដល់ឧស្សាហកម្មផ្នែកទន់ ការងារបណ្តុះបណ្តាលធនធានមនុស្សនៅវៀតណាមនិយាយរួម និងទីក្រុង Da Nang និយាយដោយឡែក។ លោកនាយករដ្ឋមន្ត្រីបានក្រើនរំលឹកដល់ FPT ឲ្យ ផ្តោតលើវិស័យស្នូលៗតាមទិសដៅប្រមូលផ្តុំ ធ្វើឲ្យពាណិជ្ជសញ្ញា FPT កាន់តែខ្លាំងឡើងៗ បង្កើតប្រព័ន្ធអេកូឡូស៊ី FPT លើទូទាំងប្រទេស ហើយឆ្ពោះទៅកាន់ពិភពលោក។

បន្ទាប់មក លោកនាយករដ្ឋមន្ត្រីបានអញ្ជើញទៅទស្សនា និងត្រួតពិនិត្យរោងចក្រផលិតគ្រឿងបន្លាស់អវកាស ដែលវិនិយោគដោយសម្ព័ន្ធក្រុមហ៊ុន Universal Alloy (UAC) របស់សហរដ្ឋអាមេរិក ក្នុងដើមទុនសរុបចំនួន ១៧០ លានដុល្លាអាមេរិក នៅមណ្ឌលឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ Da Nang។ រោងចក្រនេះមានផ្ទៃដីចំនួន១៦,៧ហិកតា ប្រតិបត្តិការតាមដំណើរការបិទជិត ហើយត្រូវបានបំពាក់ប្រព័ន្ធគ្រឿងម៉ាស៊ីន ឧបករណ៍ និងបច្ចេកវិជ្ជាទំនើបៗ អនុវត្តយ៉ាងតឹងរឹងនូវបទប្បញ្ញត្តិនៃប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពអន្តរជាតិ។ ផលិតផលដែលផលិតនៅរោងចក្រត្រូវបាននាំចេញទៅកាន់ទីផ្សារអឺរ៉ុប ម៉ាឡេស៊ី និងអាមេរិកខាងជើង។

អញ្ជើញចុះត្រួតពិនិត្យផែនការមេនៃកំពង់ផែ Lien Chieu លោកនាយករដ្ឋមន្ត្រីបានក្រើនរំលើកដល់បញ្ហាព្យាករណ៍តម្រូវការទំនិញក្នុងតំបន់ ការតភ្ជាប់កំពង់ផែជាមួយខ្សែដឹកជញ្ជូនផ្លូវគោក ផ្លូវដែក ផ្លូវសមុទ្រ ផ្លូវអាកាសក្នុងស្រុកនិងអន្តរជាតិ។ លោកនាយករដ្ឋមន្ត្រីបានបញ្ជាឲ្យមានការរៀបចំផែនការមេយ៉ាងពេញលេញ កែលម្អហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងអំពាវនាវឲ្យមានកិច្ចសហប្រតិបត្តិការសាធារណៈ និងឯកជន ដោយឈរលើមូលដ្ឋាននៃការចុះសម្រុងគ្នាផលប្រយោជន៍ និងចែករំលែកហានិភ័យ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ