នាយករដ្ឋមន្ត្រីវៀតណាមជួបជាមួយស្ថាបនិកនិងជាប្រធាន WEF នាយករដ្ឋមន្ត្រី កូរ៉េខាងត្បូង ប្រធានាធិបតីអ៊ុយក្រែន និងនាយករដ្ឋមន្ត្រីបែលហ្សិក
(VOVWORLD) - នារសៀលថ្ងៃទី ១៦ ខែមករា (ម៉ោងក្នុងតំបន់) នៅទីក្រុង Davos (ស្វីស) ក្នុង ឱកាសចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានជួបសន្ទនាជាមួយស្ថាបនិក និងជាប្រធាន WEF លោក Klaus Schwabs នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Han Duck-soo ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky និងនាយករដ្ឋមន្ត្រីបែលហ្ស៊ិក លោក Alexander De Croo។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានជួបសន្ទនាជាមួយស្ថាបនិក និងជាប្រធាន WEF លោក Klaus Schwabs។ (រូបថត៖ VNA) |
រីករាយស្វាគមន៍លោកនាយករដ្ឋមន្ត្រី Pham Minh Chinh មកចូលរួមសន្និសីទ WEF Davos ជាលើកដំបូង សាស្ត្រាចារ្យ Klaus Schwab ស្ថាបនិក និងជាប្រធាន WEF បានចាត់ទុកថា ការចូលរួម និងសារប្រកបដោយចក្ខុវិស័យយុទ្ធសាស្ត្ររបស់ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បាននាំមកនូវដំណោះស្រាយសំខាន់ៗដើម្បី ជួយឆ្លើយតបទៅនឹងបញ្ហាប្រឈមសកល។ លោកប្រធាន WEF បានវាយតំលៃខ្ពស់ ចំពោះវៀតណាម ក្នុងនាមជាខឿនសេដ្ឋកិច្ចមួយដែលកំពុងអនុវត្តន៍កំណែទម្រង់ យ៉ាងខ្លាំងក្លា ដោយផ្តោតលើឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ និងការអភិវឌ្ឍបៃតង ... ព្រមទាំងជឿជាក់ថា វៀតណាមនឹងក្លាយទៅជាប្រទេសមួយក្នុងចំណោមប្រទេសមាន សេដ្ឋកិច្ចធំបំផុតទាំង ២០ នាពេលឆាប់ៗនេះ។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជួបនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង
លោក Han Duck-soo។ (រូបថត៖ VNA) |
ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Han Duck-soo ភាគីទាំងពីរ បានវាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងរដ្ឋាភិបាលទាំងពីរក្នុង ការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុង ជ្រោយវៀតណាម-កូរ៉េខាងត្បូង។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យ កូរ៉េខាងត្បូងបន្តបង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់ទំនិញមុខព្រួញរបស់វៀតណាម; កសាងយ៉ាងសកម្មនូវមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍ (R&D) ហើយជួយឧបត្ថម្ភវៀតណាមក្នុងការអភិវឌ្ឍឧស្សាហកម្មកម្សាន្ត វប្បធម៌ និងម៉ូដផងដែរ។
នៅក្នុងជំនួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky មេដឹកនាំទាំងពីរបានសង្កត់ធ្ងន់លើការគោរពទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងអ៊ុយក្រែន។ នៅចំពោះមុខ ស្ថានភាពបច្ចុប្បន្ន ភាគីទាំងពីរបានឯកភាពលើការស្វែងរកវិធានការដើម្បីស្តារឡើង វិញនូវការផ្លាស់ប្តូរពាណិជ្ជកម្មលើផលិតផលដែលភាគីទាំងពីរមានប្រៀបខ្លាំង។ លោក នាយករដ្ឋមន្ត្រីបានអះអាងនូវគោលជំហរដ៏ឥតងាករេរបស់វៀតណាមថា ជម្លោះទាំង អស់គួរតែត្រូវបានដោះស្រាយដោយសន្តិវិធី ស្របតាមគោលការណ៍ជាមូលដ្ឋាននៃ ច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។
ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីបែលហ្ស៊ិក លោក Alexander De Croo នាយករដ្ឋមន្ត្រីទាំង ពីរបានលើកទឹកចិត្តស្ថាប័ន និងអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរបន្តអនុវត្តន៍យ៉ាងពេញ លេញ និងប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាព អឺរ៉ុប (EVFTA)។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឲ្យ បែលហ្សិកឆាប់សម្រេចដំណើរការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារ ការវិនិយោគវៀតណាម-សហភាពអឺរ៉ុប (EVIPA); ពង្រឹងកិច្ចសហប្រតិបត្តិការលើ វិស័យបរិវត្តកម្មឌីជីថល ថាមពលកកើតឡើងវិញ និងជួយឧបត្ថម្ភវៀតណាមក្នុងការ អភិវឌ្ឍគំរូសេដ្ឋកិច្ចកសិកម្មវិលជុំ និងកសិកម្មឆ្លាតវៃ៕