នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ចូលរួមសន្និសីទបូកសរុបផ្នែកធនធានធម្មជាតិនិងបរិស្ថាន
(VOVWORLD) - នាព្រឹកថ្ងៃទី ៣១ ខែធ្នូ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញចូលរួមសន្និសីទបូកសរុបការងារឆ្នាំ ២០២៣ ដាក់ពង្រាយទិសដៅ និងភារកិច្ចការងារឆ្នាំ ២០២៤ នៃផ្នែកធនធានធម្មជាតិ និងបរិស្ថាន។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ថ្លែងមតិក្នុងសន្និសីទ។ |
ថ្លែងមតិក្នុងសន្និសីទនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះការដែលផ្នែកទាំងមូលបានរៀបចំបានល្អនូវការស្ទង់មតិរបស់ប្រជាជនលើសេចក្តីព្រាងច្បាប់ភូមិបាល (វិសោធនកម្ម) ដោយមានវិធីសាស្រ្តជាច្រើនក្នុងការស្ទង់មតិ ឃោសនាអំពីចំណុចថ្មី និងការផ្លាស់ប្តូរសំខាន់ៗ ក្នុងសេចក្តីព្រាងច្បាប់នេះ ដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ។ ក្រសួងធនធានធម្មជាតិ និងបរិស្ថាន ក្នុងតួនាទីជាអធិបតី បានធ្វើសេនាធិការដល់រដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាលំបាកក្នុងសេចក្តីព្រាងច្បាប់នេះ ធានាសមាកាលកម្មក្នុងប្រព័ន្ធច្បាប់។ ទន្ទឹមនឹងនោះ ច្បាប់ស្តីពីធនធានទឹក (វិសោធនកម្ម) ដែលទើបនឹងបានអនុម័តដោយរដ្ឋសភាក្នុងសម័យប្រជុំលើកទី៦ នាពេលថ្មីៗនេះ បានបង្ហាញពីការបោះជំហានដ៏ធំធេងក្នុងការត្រិះរិះ អភិក្រម និងការផ្លាស់ប្តូរវិធីសាស្រ្តនៃការគ្រប់គ្រងធនធានទឹក។ ក្រសួងក៏បានធ្វើសេនាធិការយ៉ាងសកម្មដល់រដ្ឋាភិបាល និងនាយករដ្ឋមន្ត្រីអំពីដំណោះស្រាយនានាដើម្បីម្ចាស់ការធ្វើសមាហរណកម្មជាសកលផ្នែកបរិស្ថាន និងអាកាសធាតុផងដែរ។
នាពេលខាងមុខ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យផ្នែកទាំងមូលផ្តោតធនធានទាំងអស់លើការសុក្រិតគម្រោងច្បាប់ភូមិបាល (វិសោធនកម្ម) ដើម្បីធានាគុណភាព ដាក់ជូនរដ្ឋសភាអនុម័តនៅសម័យប្រជុំជិតបំផុត; រៀបចំការអនុវត្តច្បាប់ភ្លាមៗបន្ទាប់ពីបានអនុម័ត ទន្ទឹមជាមួយនឹងច្បាប់ស្ដីពីធនធានទឹក (ធ្វើវិសោធនកម្ម)៕