នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បញ្ចប់ដំណើរទស្សនកិច្ចផ្លូវការនៅកូរ៉េខាងត្បូងប្រកបដោយជោគជ័យ
(VOVWORLD) - ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានអះអាងនូវការប្តេជ្ញាចិត្តក្នុងការនាំទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយឆ្ពោះទៅការអភិវឌ្ឍជាក់ស្តែង ប្រកបដោយប្រសិទ្ធភាព និងយូរអង្វែង។
ប្រភព៖ VOV |
នាយប់ ថ្ងៃទី៣ ខែកក្កដា ម៉ោងនៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងលោកជំទាវភរិយា ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានមកដល់អាកាសយានដ្ឋាន Noi Bai ទីក្រុងហាណូយ បញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅកូរ៉េខាងត្បូងចាប់ពីថ្ងៃទី ៣០ ខែមិថុនា ដល់ថ្ងៃទី ៣ កក្កដា តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Han Duck Soo ។ នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងទៅកាន់កូរ៉េខាងត្បូងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមចាប់តាំងពីពេលប្រទេសទាំងពីរបានបង្កើនទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ (ខែធ្នូ ឆ្នាំ ២០២២) ហើយជាដំណើរទស្សនកិច្ចលើកដំបូងទៅកាន់រ៉េខាងត្បូងរបស់នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ក្នុងនាមជាប្រមុខរដ្ឋាភិបាល។ ក្នុងដំណើរទស្សកិច្ចនេះ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh មានសកម្មភាពជាច្រើនជាមួយអ្នកនយោបាយ ធុរជន អ្នកជំនាញ អ្នកវិទ្យាសាស្ត្រ អង្គការមិត្តភាព និងអង្គការក្រៅរដ្ឋាភិបាល។ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងលោក Han Duck Soo; រួមជាមួយនាយករដ្ឋមន្ត្រីលោក Han Duck Soo ធ្វើជាសាក្សីក្នុងពិធីប្រគល់ឯកសារកិច្ចសហប្រតិបត្តិការដែលបានចុះហត្ថលេខារវាងក្រសួង និងស្ថាប័ននៃប្រទេសទាំងពីរ ព្រមទាំងជួបសន្ទនាជាមួយប្រធានាធិបតីលោក Yoon Suk Yeol និងប្រធានរដ្ឋសភា លោក Woo Won Shik។
ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានអំពីអត្ថន័យ និងលទ្ធផលលេចធ្លោនៃដំណើរទស្សនកិច្ចនេះ រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son បានឲ្យដឹងថា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ ប្រទេសទាំងពីរបានចេញសេចក្តីប្រកាសព័ត៌មានរួមដែលមានខ្លឹមសារសំខាន់ៗចំនួន ៨ ចំណុចដើម្បីជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែង លើវិស័យនយោបាយ-ការទូត ពាណិជ្ជកម្ម វិនិយោគ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា វប្បធម៌ ទេសចរណ៍ ការងារ ការផ្លាស់ប្តូររវាងប្រជាជនជាមួយប្រជាជន និងវិស័យសហប្រតិបត្តិការថ្មីៗ។ ក្រសួង ស្ថាប័ន និងធុរកិច្ចនៃប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការចំនួន ៤០ និងឯកសារក្នុងវិស័យផ្លាស់ប្ដូរឌីជីថល ថាមពលកកើតឡើងវិញ ផ្លាស់ប្តូរបៃតង ការប្រែប្រួលអាកាសធាតុ ឧស្សាហកម្ម semiconductor បញ្ញាសិប្បនិម្មិត កិច្ចសហប្រតិបត្តិការរវាងសហគ្រាសធុនតូច និងមធ្យម កិច្ចសហប្រតិបត្តិការវប្បធម៌ ទេសចរណ៍។
លោករដ្ឋមន្ត្រី Bui Thanh Son បានសង្កត់ធ្ងន់ថា ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានអះអាងនូវការប្តេជ្ញាចិត្តក្នុងការនាំទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយឆ្ពោះទៅការអភិវឌ្ឍជាក់ស្តែង ប្រកបដោយប្រសិទ្ធភាព និងយូរអង្វែង។ ភាគីទាំងពីរបានអះអាងថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគឺជាសសរស្តម្ភដ៏សំខាន់បំផុតក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ; ឯកភាពបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីដល់ ១០០ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២៥ និងគោលដៅ ១៥០ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០៣០៕