នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន+៣ លើកទី២៦ និងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក និងអាស៊ាន-កាណាដា

(VOVWORLD) - នារសៀលថ្ងៃនេះ (ថ្ងៃទី៦ ខែកញ្ញា) នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងថ្នាក់ដឹកនាំប្រទេសជាសមាជិកអាស៊ានបានចូលរួមកិច្ចប្រជុំកំពូលអាស៊ាន+៣ លើកទី២៦ (ជាមួយប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង) និងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក និងកិច្ចប្រជុំកំពូលអាស៊ាន-កាណាដា។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន+៣ លើកទី២៦ និងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក និងអាស៊ាន-កាណាដា - ảnh 1កិច្ចប្រជុំកំពូលអាស៊ាន+៣ 

ក្នុងកិច្ចប្រជុំកំពូលអាស៊ាន+៣ លើកទី២៦ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា អាស៊ាន+៣ ត្រូវសម្របសម្រួលដើម្បីជំរុញការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងការតភ្ជាប់ពហុភាគី ពង្រីកវិស័យសហប្រតិបត្តិការ ជាពិសេសគឺ៖ ការផ្លាស់ប្តូរឌីជីថល សេដ្ឋកិច្ចឌីជីថល ពាណិជ្ជកម្មអេឡិចត្រូនិក បច្ចេកវិទ្យាហិរញ្ញវត្ថុ Fintech បច្ចេកវិទ្យា AI ហិរញ្ញវត្ថុបៃតង បច្ចេកវិទ្យាបៃតង។ លោកនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចជំរុញក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-កូរ៉េខាងត្បូង។ កិច្ចប្រជុំកំពូលអាស៊ាន+៣ បានអនុម័តសេចក្តីថ្លែងការណ៍ស្តីពីការអភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ីរថយន្តអគ្គិសនី។

ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកលើកទី១១ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការធ្វើឱ្យកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មក្លាយជាសរសរស្តម ហើយវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ជាកម្លាំងចលករជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-អាមេរិក។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យអាស៊ានសម្របសម្រួលជាមួយសហរដ្ឋអាមេរិក ដើម្បីអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវគំនិតផ្តួចផ្តើមអនាគតអាស៊ាន-សហរដ្ឋអាមេរិក ស្តីពីសុខាភិបាល ការអប់រំ ថាមពល បរិស្ថាន ការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ក្នុងឱកាសនេះ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យសហរដ្ឋអាមេរិកជំរុញកិច្ចសហប្រតិបត្តិការ និងគាំទ្រវៀតណាមក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ អនុវត្តន៍សេចក្តីប្រកាសភាពជាដៃគូសម្រាប់ការផ្លាស់ប្តូរថាមពលប្រកបដោយសមភាព ។ កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកលើកទី១១ បានអនុម័តសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចសហប្រតិបត្តិការដោយផ្អែកលើទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូប៉ាស៊ីហ្វិក (AOIP)។

ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-កាណាដា លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា នេះគឺជាពេលវេលាដ៏សមស្របដើម្បីលើកកំពស់ទំនាក់ទំនងអាស៊ាន-កាណាដា ទៅជាដៃគូយុទ្ធសាស្ត្រ។ លោកបានស្នើឲ្យភាគីទាំងពីរផ្តោតលើការជំរុញពាណិជ្ជកម្ម ការវិនិយោគ ការតភ្ជាប់អាជីវកម្ម និងស្ថិរភាពសង្វាក់ផ្គត់ផ្គង់។ លោកនាយករដ្ឋមន្ត្រីក៏មានបំណងថា កាណាដាជួយឧបត្ថម្ភដល់ប្រទេសជាសមាជិកអាស៊ាន និងអនុតំបន់មេគង្គក្នុងការផ្លាស់ប្ដូរថាមពល កាត់បន្ថយផលប៉ះពាល់ និងសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។ កិច្ចប្រជុំកំពូលអាស៊ាន-កាណាដា បានអនុម័តសេចក្តីថ្លែងការណ៍ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការលើសន្តិសុខស្បៀង និងអាហារូបត្ថម្ភក្នុងគ្រាមានវិបត្តិ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ