នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញទទួលជួបជាមួយទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីសម្របសម្រួលសន្តិសុខជាតិសិង្ហបុរីលោក Teo Chee Hean
(VOVWORLD) - លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យលោកទេសរដ្ឋមន្ត្រីបន្តគាំទ្រ និងជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-សិង្ហបុរីលើគ្រប់វិស័យ ជាពិសេសគឺវិស័យ ដែលមានសក្តានុពលដូចជា សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំ និងការផ្លាស់ប្តូរថាមពល និងនវានុវត្តន៍។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញទទួលជួបជាមួយទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីសម្របសម្រួលសន្តិសុខជាតិសិង្ហបុរីលោក Teo Chee Hean |
នារសៀលថ្ងៃទី ៩ កុម្ភៈ ក្នុងជំនួបជាមួយទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីសម្របសម្រួលសន្តិសុខជាតិសិង្ហបុរីលោក Teo Chee Hean ក្នុងក្របខ័ណ្ឌ នៃដំណើរទស្សនកិច្ចជាផ្លូវការនៅសិង្ហបុរី លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានវាយតម្លៃខ្ពស់ចំពោះមនោសញ្ចេតនាដ៏ល្អប្រសើរ និងការរួមវិភាគទានដ៏សកម្មរបស់លោកទេសរដ្ឋមន្ត្រី Teo Chee Hean ក្នុងការជំរុញទំនាក់ទំនងវៀតណាម-សិង្ហបុរី។ លោកបានស្នើឱ្យលោកទេសរដ្ឋមន្ត្រីបន្តគាំទ្រ និងជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-សិង្ហបុរីលើគ្រប់វិស័យ ជាពិសេសគឺវិស័យ ដែលមានសក្តានុពលដូចជា សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំ និងការផ្លាស់ប្តូរថាមពល និងនវានុវត្តន៍។
លោកទេសរដ្ឋមន្ត្រី Teo Chee Hean បានចាត់ទុកថា៖ សក្ដានុពលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅតែធំធេងណាស់ ព្រមទាំងអះអាងថា នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើគ្រប់វិស័យចាប់ពីសន្តិសុខ ការពារជាតិ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ រហូតដល់រដ្ឋាភិបាលឌីជីថល សេដ្ឋកិច្ចបៃតង ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ បង្កើនការយល់ដឹង និងការជួបប្រាស្រ័យរវាងប្រជាជនជាមួយប្រជាជន។
ពិភាក្សាអំពីបញ្ហាតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នាភាគីទាំងពីរបានឯកភាពថា ក្នុងបរិបទដ៏ស្មុគ្រស្មាញនាបច្ចុប្បន្ននេះ ប្រទេសទាំងពីចាំបាច់ត្រូវសម្របសម្រួលគ្នាថែរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការក្នុងតំបន់ ព្រមទាំងដោះស្រាយជម្លោះដោយសន្តិវិធី ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ; បង្កើនសាមគ្គីភាព ឯកភាព រួមចំណែកកសាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ខ្លួនទីពឹងខ្លួន វិបុលភាព ក៏ដូចជាពង្រីកមជ្ឈភាព ជាពិសេសគឺក្នុងបញ្ហាតំបន់នានាផងដែរ៕